ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមប្រទេស G20 អះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក

បាលី៖ មេដឹកនាំនៃក្រុមប្រទេសទាំង (G20) បានអះអាងជាថ្មីម្តងទៀតនៅទីនេះកាលពីថ្ងៃពុធ ពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីប្រកាសដែលត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 លើកទី១៧ មេដឹកនាំ G20 បានឲ្យដឹងថា ការរួមគ្នាអនុវត្តការទទួលខុសត្រូវ ហើយកិច្ចសហប្រតិបត្តិការគឺចាំបាច់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដោះស្រាយបញ្ហាប្រឈមជាសកល និងដាក់មូលដ្ឋានគ្រឹះ សម្រាប់កំណើនដ៏រឹងមាំ និរន្តរភាព និង តុល្យភាព។

ក្រុមប្រទេសនេះបានឲ្យដឹងថា វាចាំបាច់ណាស់ក្នុងការគោរពច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគីដែលការពារសន្តិភាព និងស្ថិរភាព ដោយពួកគេសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះដោយសន្តិវិធី ការខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិក៏ដូចជាការទូត និងការសន្ទនាមានសារៈសំខាន់ណាស់។

ប្លុកនេះបានឲ្យដឹងទៀតថា ពួកគេបានប្តេជ្ញាចិត្តក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច និងកោះតូចៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

មេដឹកនាំទាំងអស់បានបន្ថែមថា ពួកគេនឹងសម្របសម្រួលដើម្បីសម្រេចបាននូវការងើបឡើងវិញជាសាកលដ៏រឹងមាំ រួមបញ្ចូល និងធន់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលផ្តល់ការងារ និងកំណើន។

ប្លុកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ពួកគេ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយពង្រឹងការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងប៉ារីស និងគោលដៅសីតុណ្ហភាពរបស់ខ្លួន ដោយឆ្លុះបញ្ចាំងពីសមធម៌ និងគោលការណ៍នៃការទទួលខុសត្រូវរួម ប៉ុន្តែខុសគ្នា និងសមត្ថភាពរៀងៗខ្លួន ដោយគិតពីកាលៈទេសៈជាតិផ្សេងៗគ្នា។

មេដឹកនាំ G20 បានទទួលស្គាល់ពីតម្រូវការបន្ទាន់ក្នុងការពង្រឹងគោលនយោបាយ និងកៀងគរហិរញ្ញប្បទាន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការរិចរិលបរិស្ថាន រួមទាំងការបង្កើនការគាំទ្រយ៉ាងសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៕ប្រែសម្រួល ឈូក បូរ៉ា

To Top