ព័ត៌មានអន្តរជាតិ

យូអិន ស្នើសុំមតិយោបល់ពី ICJ ស្តីពីការកាន់កាប់ដោយ ខុសច្បាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន

យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវ ឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្តល់យោបល់លើផលវិបាកផ្លូវច្បាប់ នៃការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់ របស់អ៊ីស្រាអែល។

មហាសន្និបាតបានបោះឆ្នោត ៨៧ ទល់នឹង ៦២ ដោយមានសំឡេងអនុប្បវាទចំនួន ៥៣ លើដំណោះស្រាយនេះ ដោយប្រទេសលោកខាងលិចបានបំបែក ប៉ុន្តែមានការគាំទ្រស្ទើរតែជាឯកច្ឆ័ន្ទនៅក្នុងពិភពអ៊ីស្លាម រួមទាំងក្នុងចំណោមរដ្ឋអារ៉ាប់ដែលមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។  រុស្ស៊ី និងចិន បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ។

អ៊ីស្រាអែល សហរដ្ឋអាមេរិក និងសមាជិកចំនួន ២៤ ផ្សេងទៀត រួមទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ ខណៈដែលប្រទេសបារាំងស្ថិតក្នុងចំណោមប្រទេសចំនួន ៥៣ ដែលអនុប្បវាទ។

ICJ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក គឺជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលដោះស្រាយជម្លោះ រវាងរដ្ឋនានា។  សេចក្តីសម្រេច​របស់​ខ្លួន​ មាន​ការ​ជាប់​កាតព្វកិច្ច ទោះបីជា ICJ គ្មាន​អំណាច​ក្នុង​ការ​អនុវត្ត​ច្បាប់​ ទាំង​នោះ​ក៏ដោយ។

មេដឹកនាំប៉ាឡេស្ទីននៅថ្ងៃសៅរ៍នេះ បានស្វាគមន៍ការបោះឆ្នោតដោយមន្ត្រីជាន់ខ្ពស់លោក Hussein al-Sheikh បាននិយាយថាវា “ឆ្លុះបញ្ចាំងពីជ័យជំនះនៃការទូតប៉ាឡេស្ទីន” ។

អ្នកនាំពាក្យរបស់អាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងថា “ពេលវេលាបានមកដល់ហើយ សម្រាប់អ៊ីស្រាអែល ដើម្បីធ្វើជារដ្ឋដែលស្ថិតនៅក្រោមច្បាប់ ហើយត្រូវទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម ដែលកំពុងបន្តប្រឆាំងនឹងប្រជាជនរបស់យើង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top