ព័ត៌មានអន្តរជាតិ

ឡាវ ដាក់ដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនី ៥០០គីឡូវ៉ុល តភ្ជាប់ស្ថានីយអគ្គិសនី ដល់តំបន់ព្រំដែនកម្ពុជា

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ប្រទេសឡាវ បានបើកដំណើរការខ្សែបញ្ជូនថាមពល៥០០គីឡូវ៉ុល តភ្ជាប់ស្ថានីយអគ្គិសនីមួយនៅឯភូមិមួយក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងរបស់ខ្លួន ទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា ។

នៅថ្ងៃព្រហស្បតិ៍នេះ វិទ្យុជាតិឡាវ នៅក្នុងសេចក្តីការណ៍មួយបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Thongphat Inthavong បានលើកឡើងនៅក្នុងពិធីសម្ពោធកាលពីថ្ងៃអង្គារថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

លោក Chanthaboun Soukaloun នាយកគ្រប់គ្រងនៃអគ្គិសនីរដ្ឋឡាវ ហៅកាត់ (EDL) មានថ្លែងថា ខ្សែបណ្តាញបញ្ជូនថាមពល និងស្ថានីយ៍បន្តគឺជាផ្នែកមួយនៃគម្រោងជាតិ ដែលបានប្រើប្រាស់បច្ចេកទេសទំនើបជាមួយនឹងតម្លៃវិនិយោគខ្ពស់ ។ វាជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្ររបស់ប្រទេសក្នុងការនាំចេញថាមពលអគ្គិសនីទៅប្រទេសជិតខាង ជាពិសេសកម្ពុជា ។

ខ្សែបញ្ជូនអគ្គិសនីនេះមានប្រវែងជាង២០០គីឡូម៉ែត្រ ហើយរត់កាត់ស្រុកខុង នៃខេត្តចំប៉ាសាក់ និងស្រុកសាណាមសៃ និងភូវង់ ក្នុងខេត្តអាតតាព ។

រោងចក្រវារីអគ្គីសនីជាច្រើនត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសនេះទៅជា “រឹងមាំខ្លាំង” នៃប្រទេសនៅអាស៊ីអាគ្នេយ៍ ។

គិតត្រឹមឆ្នាំ២០២២ ប្រទេសឡាវ មានប្រភពថាមពលចំនួន៩០កន្លែង ជាមួយនឹងសមត្ថភាពតំម្លើងថាមពលសរុបជិត ១១.០០០ម៉េហ្គាវ៉ាត់ ។ រោងចក្រទាំងនោះរួមមានវារីអគ្គិសនីចំនួន៧៧ រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន៨ គម្រោងជីវម៉ាស់ចំនួន៤ និងរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន១ ។

នៅក្នុងអំឡុងឆ្នាំ២០២១ដល់២០២៥ ប្រទេសឡាវ គ្រោងនឹងផលិតថាមពលអគ្គិសនីបន្ថែមចំនួន១.៨០៧ម៉េហ្គាវ៉ាត់ ដោយវារីអគ្គិសនីមានចំនួន៥៧ភាគរយនៃថាមពលសរុប ថាមពលធ្យូងថ្ម១៩ភាគរយ និងថាមពលពន្លឺព្រះអាទិត្យភាគ២៤ភាគរយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top