ព័ត៌មានអន្តរជាតិ

Update៖ មានករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់អ៊ុយក្រែន ក្រោយពីគ្រាប់មីស៊ីលរបស់រុស្ស៊ី ផ្លោងចូល

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា ការផ្ទុះដ៏ខ្លាំងបានកក្រើកនៅរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍ ដោយសារតែការវាយប្រហារ ដោយមីស៊ីល ដែលបាញ់ដោយកងកម្លាំងរុស្ស៊ី ។

អភិបាលក្រុង គៀវ លោក Vitali Klitschko បានលើកឡើងនៅលើបណ្តាញ Telegram ថា ការបំផ្ទុះជាច្រើនបានកើតឡើង នៅក្នុងស្រុក Dniprovskiy ភាគខាងកើត ហើយក្រុមសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ ទៅកាន់កន្លែងកើតហេតុ ។

លោកបានលើកឡើងថា បំណែកនៃគ្រាប់មីស៊ីលមួយ បានធ្លាក់នៅលើតំបន់ គ្មានមនុស្សនៅក្នុងសង្កាត់ Holosiivskyi ភាគខាងត្បូង ដោយមិននាំឲ្យមាន អ្នករងរបួសនោះទេ ។

លោកបានឲ្យដឹងទៀតថា របាយការណ៍បឋមបានបង្ហាញថា អគារមិនមែនលំនៅឋានមួយ បានឆេះនៅក្នុងសង្កាត់ Holosiivskyi ដែលជាលទ្ធផលនៃការវាយប្រហារ ដែលធ្វើឡើងដោយកងកម្លាំងរុស្ស៊ី ។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញTelegram ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងទីក្រុង គៀវ បានរងការបំផ្លាញដោយការវាយប្រហារ ដោយគ្រាប់មីស៊ីល ។

រដ្ឋបាលយោធាក្រុងគៀវ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមព័ត៌មានបឋម កន្លែងហេដ្ឋារចនាសម្ព័ន្ធមួយ ក៏ត្រូវបានវាយប្រហារ នៅក្នុងពេលបើកការវាយប្រហារ ដោយរុស្ស៊ី ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top