ព័ត៌មានអន្តរជាតិ

អង្គការឃ្លាំមើល កម្មវិធីនុយក្លេអ៊ែរ បញ្ជាក់ថា ខ្លួនរកឃើញសារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងទឹកដីអ៊ីរ៉ង់ សម្រាប់ផលិតគ្រាប់បែកបរមាណូ

VIENNA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ មីនា ឆ្នាំ២០២៣ថា ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនបានរកឃើញ ភាគល្អិតនៃសារធាតុអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុអ៊ុយ រ៉ានីញ៉ូម៩០ភាគរយដែលត្រូវការសម្រាប់ ផលិតគ្រាប់បែកបរមាណូ ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) បានឲ្យដឹងនៅក្នុងរបាយការណ៍សម្ងាត់មួយ ដែលបានមើលដោយ ទីភ្នាក់ងារព័ត៌មាន AFP ថា “ការពិភាក្សាកំពុងបន្ត” ដើម្បីកំណត់ប្រភពដើមនៃភាគល្អិតទាំងនេះ ។

របាយការណ៍បានដាក់ថា ក្នុងអំឡុងពេលអធិការកិច្ច “នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារនេះបានយកគំរូបរិស្ថាន … នៅរោងចក្រ Fordow (sic) Fuel Enrichment Plant (FFEP) លទ្ធផលវិភាគដែលបង្ហាញពីវត្តមានរបស់ភាគល្អិតអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ខ្ពស់ដែលមានរហូតដល់៨៣,៧ភាគរយ U-235” ។

“ព្រឹត្តិការណ៍ទាំងនេះ បង្ហាញយ៉ាង ច្បាស់ពីសមត្ថភាពរបស់ទីភ្នាក់ងារក្នុងការរកឃើញ និងរាយការណ៍ក្នុងលក្ខណៈទាន់ ពេលវេលា នៃការផ្លាស់ប្តូរក្នុងប្រតិបត្តិការ នៃកន្លែងនុយក្លេអ៊ែរនៅអ៊ីរ៉ង់” ។

នៅគ្រាដែលគេចោទសួរអំពីវត្តមានរបស់ភាគល្អិត ប្រទេសអ៊ីរ៉ង់បានលើកឡើងថា “ការប្រែប្រួលដោយអចេតនា” ក្នុងអំឡុងពេលដំណើរការបង្កើន “អាចកើតឡើង” ។

គួររំលឹកថា កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានអះអាងថា ខ្លួនមិនបានធ្វើការប៉ុនប៉ងណាមួយដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពី៦០ភាគរយនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top