គៀវ៖ បន្ទាប់ពីសង្គ្រាមរយៈពេល ១០ខែ ដែលជាការវាយលុកនៅលើដីយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ សំឡេងកាំភ្លើងភាគច្រើនបានស្ងប់ស្ងាត់ហើយ នៅក្នុងទីក្រុងសមរភូមិបាក់មុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
កងទ័ពរុស្ស៊ីបានផ្អាក ដើម្បីបង្វែរក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំការប្រយុទ្ធ ដើម្បីដណ្តើមយកទីក្រុងភាគខាងកើតអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែន បានផ្អាកសមយុទ្ធមួយ ដែលទើបដណ្តើមយកតំបន់ខ្ពស់ជុំវិញទីក្រុងបាក់មុត ដើម្បីបំពេញកិច្ចការយោធាផ្សេងទៀត”។
មានតែការប៉ះទង្គិចគ្នាមួយប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍ទី៦៦ នៃសង្រ្គាម។អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Hanna Maliar បានឲ្យដឹងនៅក្នុងសារ Telegram ថា “មិនមានការប្រយុទ្ធសកម្មនៅទីនោះទេ ទាំងនៅក្នុងទីក្រុង ឬផ្នែកផ្សេងទៀត” ។
នៅក្នុងបទសម្ភាសន៍ជាវីដេអូដែលលោកបានបង្ហោះទៅកាន់ប៉ុស្តិ៍ Telegram របស់លោក ប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានឲ្យដឹងថា លោកបានបាត់បង់ទាហានស៊ីឈ្នួលជាង ២០០០០នាក់នៅក្នុងសមរភូមិទីក្រុងបាក់មុតតែមួយគត់។
វរសេនីយឯកអាមេរិក ដែលចូលនិវត្តន៍លោក Seth Krummrich បានប្រាប់ Al Jazeera កាលពីថ្ងៃអង្គារថា “ចំនួននៃការសម្លាប់ ដែលបានកើតឡើងពិតជាពិបាកនឹងស្រមៃណាស់ មានសាកសពរលួយ ខ្ញុំប្រាកដថា មាននៅគ្រប់ទីកន្លែង” ៕
ប្រែសម្រួល ឈូក បូរ៉ា