ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក ធ្វើដំណើរមកដល់ទីក្រុងដាណាង ប្រទេសវៀតណាមហើយ បន្ទាប់ពីទីក្រុងហាណូយ តវ៉ាប្រឆាំងនឹងនាវារបស់ចិន ដែលធ្វើដំណើរក្នុងដែនទឹករបស់ខ្លួន

" "

បរទេស៖ នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង របស់សហរដ្ឋអាមេរិក បានមកដល់ទីក្រុងដាណាងភាគកណ្តាល ប្រទេសវៀតណាមហើយកាលពីថ្ងៃអាទិត្យ ដែលមានរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយ បានតវ៉ាប្រឆាំងនឹងនាវារបស់ចិន ដែលកំពុងធ្វើដំណើរក្នុងដែនទឹករបស់ខ្លួន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការចូលមកដល់របស់នាវាផ្ទុក USS Ronald Reagan របស់សហរដ្ឋអាមេរិកនៅទីក្រុងដាណាងនេះ គឺបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងវៀតណាមប្រារព្ធខួបលើកទី១០ នៃ “ភាពជាដៃគូដ៏ទូលំទូលាយ” របស់ប្រទេសទាំងពីរ។

" "

ស្ថានទូតអាមេរិកនៅទីក្រុងហាណូយបាននិយាយថា នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយនៃកងនាវាទី៧ របស់សហរដ្ឋអាមេរិក គឺ “គាំទ្រសេរីភាព និងការបើកចំហ” នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានមកដល់ជាមួយនឹងនាវា អមដំណើរពីរគ្រឿងទៀត គឺនាវាផ្ទុកមីស៊ីល USS Antietam និង នាវា USS Robert Smalls ។

" "

មន្ត្រីកងទ័ពជើងទឹកអាមេរិក បានចុះពីលើយន្តហោះ និងចាប់ដៃជាមួយសមភាគីយោធាវៀតណាម នៅក្នុងពិធីដ៏ខ្លីមួយកាលពីរសៀលថ្ងៃអាទិត្យ។

មេបញ្ជាការនាវា USS Ronald Reagan គឺលោក Daryle Cardone បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវិកជាង ៥ ០០០ នាក់នៅលើនាវា USS Ronald Reagan មានបំណងចង់ទៅទស្សនាទីក្រុង Danang និង ស្វែងរកបទពិសោធន៍វប្បធម៌វៀតណាម” ។

វៀតណាម និងសហរដ្ឋអាមេរិក បានចែករំលែកទំនាក់ទំនងពាណិជ្ជកម្ម ជិតស្និទ្ធកាន់តែខ្លាំងឡើង ក៏ដូចជាការព្រួយបារម្ភអំពីការកើនឡើង នៃកម្លាំងរបស់ចិននៅក្នុងតំបន់ ផងដែរ។

នាវាស្រាវជ្រាវរបស់ចិន កប៉ាល់ឆ្មាំឆ្នេរសមុទ្រជាច្រើន និងទូកនេសាទ ជាច្រើនគ្រឿង បានដំណើរការជាច្រើនសប្តាហ៍ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង ។

ប្រទេស​ចិន​ទាមទារ​ផ្លូវទឹក​ ដែល​សម្បូរ​ធនធាន​ភាគច្រើន បើ​ទោះជា​មានការ​ប្រកួតប្រជែង​ទាមទារ​ ពី​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ​រួមមាន​វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី​ក៏ដោយ។

លោក Nguyen The Phuong បេក្ខជនបណ្ឌិតផ្នែកសន្តិសុខ ដែនសមុទ្រនៅសកលវិទ្យាល័យ New South Wales Canberra បានប្រាប់ AFPថា៖ «ដំណើរទស្សនកិច្ចរបស់នាវា ផ្ទុកយន្តហោះអាមេរិកនេះ ផ្តល់សារថាវៀតណាមកំពុងបន្តរក្សាតុល្យភាព ប្រឆាំងនឹងចិនដោយការកែលម្អទំនាក់ទំនង សន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងជាមួយមហាអំណាចខាងក្រៅផ្សេងទៀត» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top