ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ សម្រេចថា នឹងបិទស្ថានអគ្គកុងស៊ុលរុស្ស៊ី នៅក្នុងក្រុង Turku នៅដើមខែតុលាខាងមុខ

រូបភាពពី៖​ AFP

HELSINKI៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា រដ្ឋាភិបាលរបស់ប្រទេសប្រទេសហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួន “នឹងដកការយល់ព្រមសម្រាប់ប្រទេសរុស្ស៊ី ឱ្យដំណើរការស្ថានអគ្គកុងស៊ុលរបស់ខ្លួន” នៅទីក្រុង Turku ដែលស្ថិតនៅភាគនិរតីនៃប្រទេស គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ។

ចំពោះការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីលោក Sauli Niinisto និងគណៈរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ ។

ក្រសួងការបរទេសបានជូនដំណឹងជាផ្លូវការដល់ឯកអគ្គរដ្ឋទូតរុស្ស៊ី អំពីការសម្រេចចិត្តមួយនេះរួចហើយដែរ ។

លោក Niinisto និងគណៈរដ្ឋមន្ត្រីបានកត់សម្គាល់ថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ប្រទេសរុស្ស៊ី ក្នុងការបិទស្ថានអគ្គកុងស៊ុលហ្វាំងឡង់ នៅក្រុង St. Petersburg ដែលបានគ្រោងទុកនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ គឺជា “ការឆ្លើយតបមិនដូចគ្នាឡើយ” ចំពោះការប្រកាសមុនរបស់ប្រទេសហ្វាំងឡង់ អំពីការបណ្តេញចេញស្ថានអគ្គកុងស៊ុល ។

លោកប្រធានាធិបតី និងសមាជិកគណៈកម្មាធិការ ក៏បានលើកឡើងពីស្ថានភាពស្ថានកុងស៊ុលរបស់ប្រទេសរុស្ស៊ី នៅក្រុង Mariehamn ដែលមានទីតាំងនៅលើកោះ Aland ហើយបានកត់សម្គាល់ពីស្ថានភាពបច្ចុប្បន្ននៃការរៀបចំ នៃការវិភាគផ្លូវច្បាប់ ឲ្យបានច្បាស់លាស់ជាមុនសិនអំពីស្ថានភាពពិសេសរបស់កោះ Aland ដោយក្រសួងការបរទេស ។

ចំពោះការវិភាគ នឹងពិនិត្យជាពិសេសអំពីស្ថានភាព នៃស្ថានកុងស៊ុលរុស្ស៊ី នៅក្រុង Mariehamn ក្នុងចំណោមបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top