បរទេស៖ប្រេសិតពិសេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមីញនេះបានអះអាងថា មានសញ្ញាជាវិជ្ជមានដែរថារុស្សីទំនងជានឹងអាចវិលត្រឡប់មករក ការចរចាគ្នាឡើងវិញដើម្បីធ្វើឲ្យរស់ឡើងវិញនៃកិច្ចព្រម ព្រៀងគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។
លោកស្រី Linda Thomas-Greenfield តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាន និយាយនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជា ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែសីហាថា៖យើងបានឃើញការចង្អុលបង្ហាញថា ពួកគេប្រហែលជាចាប់អារម្មណ៍ក្នុងការត្រលប់ទៅការពិភាក្សា ដូច្នេះ យើងនឹងរង់ចាំមើលថាតើវាកើតឡើងពិតប្រាកដឬយ៉ាងណា។
រំលឹកឡើងវិញដែរថារុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែក ជាមួយប្រទេសតួគី និងអង្គការសហប្រជាជាតិអំពីគំនិតផ្តួចផ្តើមគ្រាប់ ធញ្ញជាតិសមុទ្រខ្មៅនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងខែកក្កដា ឆ្នាំ២០២២ ដែលបានអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀតពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន។
ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចចិត្តដកខ្លួន ចេញពីកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៣ ដោយនិយាយថា ខ្លួននឹងត្រលប់ទៅកិច្ចព្រមព្រៀងវិញភ្លាមៗ នៅពេលដែលផ្នែកនៃកិច្ចព្រមព្រៀងរបស់រុស្ស៊ីត្រូវបានបំពេញជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី