ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិក៖ សហរដ្ឋអាមេរិក គួរតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅ បានដើម្បីបញ្ចៀសជម្លោះប្រដាប់អាវុធដោយ បើកចំហរជាមួយប្រទេសចិន

Xinhua

បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគួរតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជៀសវាងជម្លោះប្រដាប់អាវុធដោយបើកចំហជាមួយប្រទេសចិន ហើយកុំធ្វើសង្រ្គាមមហាអំណាចម្តងទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Milley បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអាមេរិកថា “យើងគួរតែព្យាយាមឱ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីជៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយប្រទេសចិន” ។

មន្ត្រីយោធារូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមក្នុង “សង្រ្គាមមហាអំណាច” ចំនួនពីររួចហើយ ដោយបញ្ជាក់ថា លោកកំពុងនិយាយអំពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទីពីរ។

និយាយអំពី “ការឈ្លានពាន” របស់ចិនលើកោះតៃវ៉ាន់ លោក Milley បាននិយាយថា “វាអាចទៅរួចទាំងស្រុង” សម្រាប់សហរដ្ឋអាមេរិកក្នុងការទប់ទល់ការវាយប្រហារ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនចង់បាន “លទ្ធផលសន្តិភាព” រវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top