តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងពីភាពចាំបាច់ នៃការខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែក ជាមួយសមភាគីរុស្ស៊ី និងតួកគី ។
ថ្លែងទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោក Raisi បានស្តីបន្ទោសការពង្រឹង និងការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលត្រូវបាន “គាំទ្រដោយរដ្ឋលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក”។
លោក Raisi បានសង្កត់ធ្ងន់ថា “គ្រោះមហន្តរាយដ៏ធំដែលកំពុង កើតឡើងនៅក្នុងតំបន់ គឺជាលទ្ធផលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិក និងអ្នកគាំទ្រលោកខាងលិច ផ្សេងទៀតរបស់អ៊ីស្រាអែល ដែលនឹងត្រូវវិនាស”។
សម្រាប់ផ្នែករបស់លោកវិញ លោក ពូទីន បានឲ្យដឹងថា ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ដែលជាកន្លែងដែលមនុស្សគ្មានទីពឹងជាង ២ លាននាក់រស់នៅ “វាមិនសមហេតុផលទេ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់” ។
លោកបានព្រមានថា ការអនុវត្តប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សា នឹងមានការចំណាយ និងផលវិបាកយ៉ាងធ្ងន់ធ្ងរលើមនុស្ស និងយោធា ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក បានព្យាយាមបន្តវិធីសាស្រ្ត ដែលចង់បានរបស់ខ្លួន ឆ្ពោះទៅរកដំណោះស្រាយបញ្ហាប៉ាឡេស្ទីនតែម្នាក់ឯង ប៉ុន្តែវាបានបញ្ចប់ដោយការបរាជ័យ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយផ្សេងទៀត ជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan លោក Raisi បានព្រមានអំពីការពង្រីកជម្លោះ ដែលអាចកើតមានដោយ អំពាវនាវដល់ពិភពមូស្លីមឱ្យ “ខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការវាយប្រហារដ៏ឃោរឃៅ របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងដកការឡោមព័ទ្ធជុំវិញនោះ” ៕
ប្រែសម្រួល ឈូក បូរ៉ា