ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា នឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលណាមួយនៅក្នុងខែសីហា។

កន្លងមកទោះបីជាលោកបានជួបជាមួយលោក Vladimir Zelensky នៅខាងក្រៅកិច្ចប្រជុំ G7 នៅក្នុងប្រទេសអ៊ីតាលី និងប្រទេសជប៉ុនក៏ដោយ លោក Modi មិនទាន់ដែលបានទៅទស្សនកិច្ចនៅទីក្រុងគៀវ នៅឡើយចាប់តាំងពីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងទុកនៅថ្ងៃទី២៣ខែសីហាហើយរដ្ឋមន្ត្រីការបរទេស Subrahmanyam Jaishankar និងទីប្រឹក្សាសន្តិសុខជាតិ Ajit Doval បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនគឺ Dmitry Kuleba និង Andrey Yermak រួចរាល់ហើយផងដែរកាលពីដើមខែនេះ។

គួរឲ្យដឹងដែរថាក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់គាត់ជាមួយ Zelensky នៅក្នុងប្រទេសអ៊ីតាលីកាលពីខែមុន លោក Modi បាននិយាយម្តងទៀតថា៖ឥណ្ឌានឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមមធ្យោបាយរបស់ខ្លួនដើម្បីគាំទ្រដំណោះស្រាយដោយសន្តិភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top