ព័ត៌មានអន្តរជាតិ

ថៃ កំពុងពន្លឿនគម្រោងកែលម្អកំពង់ផែ សមុទ្រឆ្លងកាត់ពីកោះភូកេត ទៅកោះក្របី ក្នុងគម្រោងតម្លៃ ៧៤០លានបាត

Bangkok post

បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានបញ្ជាឱ្យនាយកដ្ឋានដែនសមុទ្រឱ្យពន្លឿនគម្រោងរបស់ខ្លួនដើម្បីកែលម្អការតភ្ជាប់ផ្លូវសមុទ្រឆ្លងកាត់តាមបណ្តាខេត្តនៅសមុទ្រ អាន់ដាម៉ាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោកស្រី Manaporn Charoensri គម្រោងដែលមានតម្លៃ ៧៤០ លានបាត គឺជាផ្នែកសំខាន់នៃការជំរុញថ្មីមួយដែលផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងរដ្ឋមន្ត្រីដឹកជញ្ជូន លោក Suriya Jungrungreangkit ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ និងជំរុញទេសចរណ៍។

គេនឹងឃើញការសាងសង់ផែថ្មីចំនួនពីរ គឺផែ Ao Po Ferry Pier នៅភូកេត និងផែ Tha Len Pier ក្នុងកោះ Krabi បន្ថែមពីលើការជួសជុលផែ Manoh Pier និង Chong Lard Pier ក្នុងស្រុក Koh Yao របស់ខេត្ត Phangnga។

នៅពេលដែលបានបញ្ចប់ លោកស្រី Manaporn បានពន្យល់ថា ផែនឹងអនុញ្ញាតឱ្យមានការតភ្ជាប់ដែនសមុទ្ររវាងកោះភូកេត ផាន់ង៉ា និងទៅកោះក្រប៊ី ដែលត្រូវបានគេស្គាល់ថា ជាត្រីកោណនៅសមុទ្រ អាន់ដាម៉ាន់។

លោកស្រី Manaporn បានបន្តថា ខណៈពេលដែលតំបន់នេះត្រូវបានគេស្គាល់ថាសម្រាប់សក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ខ្ពស់ គឺវានៅខ្វះកំពង់ផែធំមួយ ដែលមានន័យថាវាមិនអាចទ្រទ្រង់ចរាចរណ៍ផ្លូវសមុទ្រនាពេលបច្ចុប្បន្ន ឬការអភិវឌ្ឍន៍ដែលផ្តោតលើការដឹកជញ្ជូននាពេលអនាគតនោះទេ។

ចំណែកអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបាននិយាយថា ផែអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងកោះភូកេត និងកោះក្របី បើធៀបនឹងធ្វើដំណើរតាមផ្លូវគោក។

លោកស្រី Manaporn បានបន្ថែមថា ផ្លូវសាឡង់ថ្មីនឹងរួមចំណែកដល់ប្រាក់ចំណូលក្នុងស្រុក ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោក Kritpetch Chaichuay ប្រធាននាយកដ្ឋានសមុទ្របាននិយាយថា ថវិកាដែលនៅសល់ចំនួន ៣៦០ លានបាតពីឆ្នាំសារពើពន្ធ ២០២៤-២០២៦ ត្រូវបានទុកសម្រាប់គម្រោង Phangnga ដោយ ១៧៥លានបាតសម្រាប់គម្រោងផែ Manoh Pier និង ១៨៥ លានសម្រាប់ Chong Lard Pier ៕

ប្រែសម្រួលៈ ណៃ តុលា

To Top