ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី លោក Alexander Lukashenko បន្តឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់បេឡារុស្ស អាណត្តិទី៧

Sputnik

បរទេស៖ ប្រធានាធិបតីប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី លោក Alexander Lukashenko បានឈ្នះអាណត្តិទីប្រាំពីរដោយបន្តការគ្រប់គ្រងរយៈពេល ៣ ទស្សវត្សរ៍របស់អតីតសាធារណរដ្ឋសូវៀតសម្រាប់រយៈពេលប្រាំឆ្នាំទៀត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lukashenko បានឈ្នះ 86.82% នៃការបោះឆ្នោត, នេះបើតាមទូរទស្សន៍ជាតិ Belta បានរាយការណ៍នៅព្រឹកព្រលឹមថ្ងៃចន្ទ ដោយដកស្រង់តួលេខដែលបានប្រកាសដោយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល Igor Karpenko ។ គ្មានបេក្ខជនណាម្នាក់ក្នុងចំណោមបេក្ខជនផ្សេងទៀតទទួលបានលើសពី៥%ឡើយ។

លទ្ធផលមានន័យថា លោក Lukashenko នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០។ មេដឹកនាំក្រោយឯករាជ្យដំបូង និងតែមួយគត់របស់ប្រទេសបេឡារុស លោកបានដឹកនាំប្រទេសចាប់តាំងពីឆ្នាំ ១៩៩៤ ដោយកាន់តំណែងរយៈពេលប្រាំមួយអាណត្តិជាប់ៗគ្នា។

លោក Lukashenko បានប្រឈមមុខនឹងព្យុះនៃការរិះគន់ពីអន្តរជាតិបន្ទាប់ពីគាត់ត្រូវបានជាប់ឆ្នោតចុងក្រោយក្នុងឆ្នាំ ២០២០ ដោយប្រទេសលោកខាងលិចបានចោទប្រកាន់លោកពីការក្លែងបន្លំសន្លឹកឆ្នោត ប៉ុន្តែត្រូវបានលោកបដិសេធ។ ការតវ៉ារីករាលដាលបានផ្ទុះឡើងបន្ទាប់ពីការបោះឆ្នោត ហើយមេដឹកនាំបក្សប្រឆាំងដែលគាំទ្រលោកខាងលិច Svetlana Tikhanovskaya បន្តទទូចថា លោកស្រីជាអ្នកឈ្នះដ៏ត្រឹមត្រូវ ដោយសំដៅលើខ្លួនលោកស្រីថាជា “ប្រធានាធិបតីជាប់ឆ្នោត” របស់ប្រទេសបេឡារុស្ស ខណៈពេលដែលចូលរួមជាមួយរដ្ឋាភិបាលលោកខាងលិច៕

ប្រែសម្រួលៈ ណៃ តុលា

To Top