ហ៊ូស្តុន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកមិនមានការរីកចម្រើនអ្វីឡើយ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញជម្លោះនៅតំបន់មជ្ឈឹមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ទេ ខ្ញុំមិនមានការរីកចំរើនអ្វីជាមួយលោក ពូទីន នៅថ្ងៃនេះទាល់តែសោះ ខ្ញុំមិនសប្បាយចិត្តនឹងរឿងនោះទេ”។ លោក ត្រាំ បានលើកឡើងថា “យើងមានការហៅទូរស័ព្ទ។ វាជាការហៅដ៏វែងឆ្ងាយណាស់។ យើងបាននិយាយអំពីរឿងជាច្រើន រួមទាំងប្រទេសអ៊ីរ៉ង់ ហើយយើងក៏បាននិយាយអំពី សង្រ្គាមជាមួយអ៊ុយក្រែនផងដែរ” ។
ក្នុងអំឡុងពេលការហៅទូរស័ព្ទដែលមានរយៈពេលប្រហែលមួយម៉ោង លោក ពូទីន បានឲ្យដឹងថា ទីក្រុងម៉ូស្គូនឹងសម្រេចបាននូវគោលដៅ របស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន រួមទាំងការលុបបំបាត់មូលហេតុដើមរបស់វា នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yury Ushakov ។
លោក Ushakov បានលើកឡើងថា “ប្រធានាធិបតីរបស់យើងបាននិយាយថា រុស្ស៊ីនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ពោលគឺលុបបំបាត់បុព្វហេតុឫសគល់ដ៏ល្បី ដែលនាំឱ្យស្ថានការណ៍បច្ចុប្បន្ន ឈានទៅដល់ការប្រឈមមុខដាក់គ្នា យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។ ហើយរុស្ស៊ីនឹងមិនបោះបង់ចោលនូវគោលដៅទាំងនេះឡើយ” ។
ជំនួយការរបស់លោក ពូទីន បានឲ្យដឹងថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាជុំទី៣ ជាមួយអ៊ុយក្រែន ដោយបន្ថែមថា លោក ពូទីន និងលោក ត្រាំ មិនបានពិភាក្សាអំពីចំណុចជាក់លាក់នៃអ្វីដែល នឹងត្រូវពិភាក្សាក្នុងអំឡុងពេលការចរចា ដែលអាចកើតមាននោះទេ។
លោក Ushakov បានបញ្ជាក់បន្ថែមថា លោកពូទីន និងលោក ត្រាំ បានបញ្ជាក់ពីចំណាប់អារម្មណ៍ទៅវិញទៅមករបស់ពួកគេ ក្នុងការអនុវត្តគម្រោងសេដ្ឋកិច្ចជាបន្តបន្ទាប់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក រួមទាំងផ្នែកថាមពល និងលំហអាកាសផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
