យេរ៉ូសាឡឹម៖ កងកម្លាំងការពារជាតិ អ៊ីស្រាអែល (IDF) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងរក្សាការគ្រប់គ្រង ប្រតិបត្តិការជាង ៦៥ ភាគរយ នៃតំបន់ហ្គាហ្សាស្ទ្រីប ។
សេចក្តីថ្លែងការណ៍នេះត្រូវបានអមដោយផែនទីយោធា ដែលគូសបញ្ជាក់តំបន់ ដែលស្ថិតក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល ជាចម្បងនៅភាគខាងជើង ភាគខាងត្បូង និងផ្នែកខាងកើតនៃរង្វង់រួមជាមួយនឹងការដាក់ពង្រាយផ្នែក IDF នៅទូទាំងតំបន់ហ្គាហ្សា ។
យោងតាមសារព័ត៌មាន Channel 12 News របស់អ៊ីស្រាអែល នៅពេលដែលយោធា អ៊ីស្រាអែល បានបន្តការវាយលុក របស់ខ្លួននៅតំបន់ហ្គាហ្សាក្នុងខែមីនា វាបានកំណត់គោលដៅគ្រប់គ្រង ៧៥ភាគរយ នៃទឹកដីហ្គាហ្សា។
IDF បានរាយការណ៍ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធជាង ១០០ នាក់នៅក្នុងតំបន់ហ្គាហ្សា រួមទាំងមេបញ្ជាការជាន់ខ្ពស់បួននាក់ផងដែរ។ ចាប់តាំងពីថ្ងៃទី១៨ ខែមីនាមក កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាជាង ៧,៥០០ រួមទាំងឃ្លាំងអាវុធ ទីតាំងបាញ់គ្រាប់រ៉ុក្កែត និងលេណដ្ឋានក្រោមដីជាដើម។
ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមនៅ ក្នុងខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យយ៉ាងហោច ណាស់មនុស្ស ៥៧,១៣០ នាក់ ត្រូវបានចងក្រងជាឯកសារ ស្លាប់ដែលជាជនជាតិប៉ាឡេស្ទីន និង ១៣៥,១៧៣ នាក់រងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
