ជំនឿចិត្តលើវប្បធម៌ចិន «ការស្នង និង ការអភិវឌ្ឍ» ជំរុញល្បឿន ដល់ការស្តារភាព រុងរឿងឡើងវិញ នៃប្រជាជាតិចិន
ប្រាជ្ញាចិនស្តីពី«ការពង្រឹងទំនុកចិត្តលើប្រវត្តិសាស្ត្រ និង ជំនឿចិត្តលើវប្បធម៌» ដែលបានស្នើឡើងជាផ្លូវការនៅឯសន្និសីទជាតិស្តីពីការឃោសនា មនោគមវិជ្ជា និងវប្បធម៌ កាលពីខែតុលា ឆ្នាំ២០២៣ ដោយលោក Xi Jinping បានបង្កើនល្បឿននៃវឌ្ឍនភាព អារ្យធម៌ខាងស្មារតី របស់ប្រជាជាតិចិន ដោយបានបញ្ចូលខ្លឹមសារកាន់តែស៊ីជម្រៅដោយបានបង្ហាញគំនិតថ្មី ទស្សនៈថ្មី និងការសន្និដ្ឋានថ្មីលើ ការអភិវឌ្ឍវប្បធម៌ចិនក្នុងយុគសម័យថ្មី។ ប្រាជ្ញាចិននេះបានរំលេចយ៉ាងច្បាស់ថា ប្រជាជាតិចិន ដែលតែងចងចាំ ជាប់ជានិច្ចនូវប្រវត្តិសាស្រ្តរបស់ខ្លួន បាននិងកំពុងបោះជំហាន យ៉ាងស្វាហាប់នៅលើវិថីវិបុលភាព នៃយុគសម័យអនាគតមួយ នៃវប្បធម៌ទំនើបកម្ម សង្គមនិយម តាមបែបផែនចិន ដោយរួមបញ្ចូលអភិវឌ្ឍទ្រឹស្តី វប្បធម៌ម៉ាក្សនិយម និង គ្រឹះអរិយធម៌ជាង ៥ពាន់ឆ្នាំរបស់ខ្លួន ដោយបាននាំប្រទេសចិន មកកាន់វិបុលភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ហើយជាប្រទេសឈានមុខគេ ក្នុងការការពារអេកូឡូស៊ីសកល ស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ព្រមទាំងរួមចំណែកយ៉ាងសកម្ម លើការចែករំលែក សុភមង្គលដល់មនុស្សជាតិ ក្នុងនាមជាជើងឯក ថែរក្សាសន្តិភាពសកល ដោយមានកងរក្សាសន្តិភាពចិនក្នុងពេលថ្មីៗនេះ ទទួលបាន «មេដាយឥស្សរិយយសសន្តិភាព» ពីអង្គការសហប្រជាជាតិ ជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ប្រាជ្ញារបស់លោក Xi Jinping ស្តីពីជំនឿចិត្តលើវប្បធម៌ ដែលបានផ្តើមកាលពីខែតុលា ឆ្នាំ២០២៣ បានផ្តល់នូវគតិបណ្ឌិត ដល់ប្រជាជាតិចិនយល់យ៉ាងច្បាស់ថា យកអតីតកាលធ្វើជាកញ្ចក់ ដើម្បីឆ្លុះបញ្ចាំងពីបច្ចុប្បន្នកាល និងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ធ្វើឲ្យអតីតកាលបម្រើ ជាប្រយោជន៍ ដល់បច្ចុប្បន្នកាល ប្រទេសចិន បានផ្តើមនូវវប្បធម៌ថ្មី ដោយរៀនផ្លាស់ប្តូរ និងអភិវឌ្ឍវប្បធម៌ប្រពៃណី តាមរបៀបរបបដែលប្រកប ដោយនវានុវត្តភាព ដើម្បីធ្វើសមាហរណកម្ម រវាងវប្បធម៌ចាស់ និងវប្បធម៌ថ្មី ហើយឲ្យវប្បធម៌ទាំងពីរនេះ បម្រើជាប្រយោជន៍ នៅក្នុងបេសកកម្មទាំងក្នុងការបណ្តុះបណ្តាលប្រជាជនចិន ទាំងការបង្កើនវិបុលភាពសុខដុមនីយកម្ម របស់ប្រជាជនចិននាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ យើងនឹងយល់យ៉ាងច្បាស់ថា បើទោះបីជាប្រជាជនចិន បាននិង កំពុងរៀនពីវិធីល្អបំផុត ដើម្បីអនុវត្តប្រពៃណីវប្បធម៌ ដ៏ល្អផូរផង់របស់ខ្លួន ហើយលើកកម្ពស់វប្បធម៌ សហសម័យក្នុងពេលតែមួយយ៉ាងណាក៏ដោយ ក៏ប្រជាជនចិន តែងផ្តោតការយកចិត្តទុកដាក់ទៅលើការស្នង និងការអភិវឌ្ឍ ដោយចាត់ទុកថាការលះបង់វប្បធម៌ប្រពៃណីនេះ គឺប្រៀបបានទៅនឹងការកាត់ផ្តាច់ជីវិតរស់នៅ របស់ខ្លួនដូច្នោះដែរ ។ សុខដុមនីយកម្មនៃវប្បធម៌ចិន វិវត្តស្របជាមួយយុគសម័យបានបង្កើនវិបុល ភាព នៃការរស់នៅ របស់ប្រជាជនចិនទាំង៥៦ជនជាតិរួមរស់ ជាមួយគ្នាបង្កើតបានកម្លាំងសាមគ្គីគ្រួសារ ប្រជាជាតិចិនដ៏រឹងមាំប្រកៀកស្មារគ្នានៃប្រជាជាតិចិន ដោយរាប់បញ្ចូលប្រជាជនចិនរស់នៅ ក្នុងតំបន់តៃវ៉ាន់ ក្នុងការបន្តជំហាន តម្រង់ទៅកាន់គោលដៅរបស់ខ្លួន នោះគឺ «ការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន»។
បញ្ញត្តិ«បដិសំយោគវិចារវិទ្យា» ជាខ្លឹមដ៏សំខាន់នៃការបង្កើនជំនឿចិត្ត លើវប្បធម៌ចិនដោយបានផ្តើមពីការរួមបញ្ចូល នូវគោលគំនិតម៉ាក្សនិយម ដែលជាគ្រឹះបែបវិទ្យាសាស្រ្តនៃអភិបាលកិច្ច របស់បក្សកុម្មុយនិស្តចិន យកមកសំយោគនិងបន្ស៊ី ជាមួយទស្សនវិជ្ជាចិនដូចជា«ឡៅជឺ» «ខុងជឺ» «ស៊ុនជឺ» ជាដើម ក្លាយជាគ្រឹះរបស់សង្គមនិយមតាមបែបផែនចិន ។ បដិសំយោគវិចារវិទ្យា បានរួមចំណែកនៅក្នុងការពង្រឹង អារ្យធម៌ស្មារតីរបស់ប្រជាជាតិចិន ឆ្លើយតបនឹងខ្លឹមសារជាសារវន្តដែលបាន ដាក់ចេញដោយសមាជ លើកទី២០របស់បក្សកុម្មុយនិស្តចិន ក្នុងការពង្រឹងកំណែទម្រង់ ដោយបន្តបើកលំហសេរីភាព ទីផ្សារកាន់តែទូលាយ ការអភិវឌ្ឍផលិតភាព សង្គមរបស់ប្រទេសចិនកាន់តែមានភាពរឹងមាំ ហើយការអភិវឌ្ឍរបបសង្គម និយមតាមបែបផែនចិន និងធ្វើទំនើបកម្មតាមបែបផែនចិន កាន់តែមានភាពចាស់ទុំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពកាន់តែប្រសើរ ដែលជាបញ្ញត្តិថ្មីនៃ«វប្បធម៌ចិន»សម្រាប់ឈានឆ្ពោះ ទៅសម្រេចបាននូវការស្តារភាពរុងរឿងឡើងវិញ នៃប្រជាជាតិចិន។
ទស្សនៈ«វប្បធម៌Hehe (和合)» ដែលជាប្រាជ្ញាចិន ផ្តួចផ្តើមដោយលោក Xi Jinping បានផ្ដោតលើ «សាមគ្គី សន្តិភាព និងការរួមរស់ដោយ វិបុលភាព» ដោយសង្កត់ធ្ងន់ទៅលើភាពសុខដុមរមនា និងការបង្រួបបង្រួម ជាជាងការប្រកួតប្រជែង និងជម្លោះដែលជាជ្រុងដ៏សំខាន់ នៃកិច្ចកសាងសហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ ។ វប្បធម៌Heheនេះជាគំនិតមួយ ដែលស្របនឹងសង្គមរបស់ចិន ហើយបង្ហាញពីឥទ្ធិពលរួមគ្នា នៃព្រះពុទ្ធសាសនា សាសនាតាវ និងលទ្ធិខុងជឺ ហើយក៏ជាការបញ្ជាក់ថា វប្បធម៌Heheមិនមែនជាផ្នែកខាងក្រៅចេញឆ្ងាយពីការអភិវឌ្ឍនោះទេ ផ្ទុយទៅវិញ វប្បធម៌Heheជាគន្លងដ៏សំខាន់ ក្នុងការរស់រានមានជីវិត និងការរីកចម្រើនរបស់ប្រជាជាតិចិនក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ វប្បធម៌Heheបាននិងកំពុង បង្កើនការយល់ស្របគ្នាជា លក្ខណៈសកលពី ទស្សនវិស័យ របស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាពតាមនិយមគរុសភាក្នុង ការប្រកាន់ខ្ជាប់នូវអរិយធម៌ អេកូឡូស៊ីដែលមានចិនជាគំរូភាពក្នុងនាមជាប្រតិបត្តិករឯក នៃទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកដែលបាននាំប្រទេសចិនក្លាយជា ប្រទេសដែលពោរពេញដោយជីវចម្រុះ និងមានទំនួលខុសត្រូវខ្ពស់ ចំពោះបរិស្ថានសកល ដោយរួម ជាមួយល្បឿន ដ៏លឿននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់ប្រទេសចិន ដោយរាប់បញ្ចូលការប្រើប្រាស់ បច្ចេកវិទ្យាបៃតង ថាមពលស្អាត រថយន្តអគ្គិសនី និងការប្តេជ្ញាចិត្តលើគោល នយោបាយអព្យាក្រឹត្យកាបូននាឆ្នាំ២០៦០ថែមទៀតផង។
ជារួម គោលគំនិតដ៏សំខាន់ របស់ប្រទេសចិនដែលមានលោក Xi Jinping ជាស្នូល បានបង្កើន នូវសុខដុមនីយកម្មនិង វិបុលភាពសម្រាប់ផែនដី និងមនុស្សជាតិ ដោយរួមគ្នាជាមួយប្រទេសចិន ក្នុងកិច្ចបង្កើនល្បឿននៃការកសាងសហគមន៍រួមជីវិត និងសហគមន៍រួមវាសនានៃមនុស្សជាតិ ។ តាមរយៈគំនិតផ្តួចផ្តើម និងការប្រតិបត្តិជាក់ស្តែងប្រកបដោយផ្លែផ្កា និងពោរពេញដោយស័ក្តិសិទ្ធិភាពដល់ការអភិវឌ្ឍសង្គមមនុស្សក្រោមទម្រសន្តិភាព សហគមន៍អន្តរជាតិមានសម្លេងរួមគ្នាកាន់ តែខ្លាំងសាទរការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសចិនដែលជាកាលានុវត្តភាព នៃវឌ្ឍនភាពរបស់ពិភពលោក ហើយ«គោលការណ៍ចិនតែមួយ» ជាមូលដ្ឋានគ្រឹះដែលសហគមន៍អន្តរជាតិ បង្កើនការគាំទ្រស្របតាមខ្លឹមសារ ដែលបានចែងនៅក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី២៦ ដែលជាគ្រឹះដ៏រឹងមាំ ក្នុងការស្តារភាពរុងរឿ ងឡើងវិញនៃប្រជាជាតិចិន នឹងនាំប្រទេសចិនបង្កើនតួនាទីរបស់ខ្លួន កាន់តែសកម្មនិងកាន់តែសំខាន់ ក្នុងការបង្កើនសម្លេងនៃសហគមន៍វាសនារួម នៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន
