លោក Li Qiang អញ្ជើញធ្វើដំណើរ ទៅកាន់ក្រុងព្យុងយ៉ាង ដើម្បីចូលរួមសកម្មភាព អបអរសាទរខួបទី៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង និងបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅកូរ៉េខាងជើង
តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យនិយមកូរ៉េខាងជើង លោក Li Qiang សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន បានដឹកនាំគណៈប្រតិភូ បក្សនិងរដ្ឋាភិបាលចិន បានអញ្ជើញ ចាកចេញពីក្រុងប៉េកាំង នៅព្រឹកថ្ងៃទី ៩ ខែតុលា ធ្វើដំណើរទៅកាន់ក្រុងព្យុងយ៉ាង ដើម្បី ចូលរួមសកម្មភាព អបអរសាទរខួបទី៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង និង បំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅកូរ៉េខាងជើង ។
នៅវេលាថ្ងៃត្រង់ថ្ងៃទី ៩ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang បានធ្វើដំណើរទៅដល់ព្រលានយន្តហោះអន្តរជាតិ Sunan ក្រុងព្យុងយ៉ាង ។ លោកLi Qiang បានលើកឡើងថា ប្រទេសចិនរីករាយរួមសហការ ជាមួយកូរ៉េខាងជើង អនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួម ដ៏សំខាន់របស់អ្នកដឹកនាំកំពូល នៃបក្សនិងរដ្ឋ នៃប្រទេសទាំងពីរ ក្នុងន័យបង្កើន ការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្ត្រ រក្សាការទាក់ទងយ៉ាងជិតស្និទ្ធ ជំរុញកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាព រវាងចិននិងកូរ៉េខាងជើង ក៏ដូចជារួមចំណែកកាន់តែធំ ដើម្បីជំរុញសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ៕
