ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ជំនួយស៊ុយអ៊ែត សម្រាប់កាត់ទោសខ្មែរក្រហម គឺជួយកម្ពុជាស្វែងរកសច្ចធម៌ពិត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជំនួយរបស់រដ្ឋាភិបាលស៊ុយអ៊ែត សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម គឺជួយដល់កម្ពុជា ក្នុងការស្វែងរកសច្ចធម៌ពិត ឲ្យប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មីស៊ុយអ៊ែតប្រចាំកម្ពុជា សម្ដេចតេជោបានរៀបរាប់ថា កម្ពុជាទទួលរកសោកនាដកម្ម អតីតកាលយ៉ាងច្រើន ប៉ុន្តែស៊ុយអ៊ែតជាប្រទេសមួយ ដែលមិនទទួលអតីតខ្មែរក្រហម ឲ្យអង្គុយនៅកៅអី អង្គការសហប្រជាជាតិ ។ លើសពីនេះទៀត ក៏បានអនុញ្ញាតឲ្យកម្ពុជា បើកការិយាល័យព័ត៌មាន នៅទីក្រុងស្តុកហូម ហើយចាប់ពេលនោះមក ស៊ុយអ៊ែតជាប្រទេសមួយ ដែលចាប់ផ្ដើមផ្ដល់ ជំនួយមនុស្សធម៌ដល់កម្ពុជា ។

សម្ដេចមានប្រសាសន៍ថា “អំណរគុណចំពោះជំនួយ របស់ប្រទេសស៊ុយអ៊ែត និងរដ្ឋាភិបាលស៊ុយអ៊ែត ក្នុងការកាត់ទោស មេដឹកនាំកំពូលរបស់ខ្មែរក្រហម គឺជាការជួយដល់កម្ពុជា ក្នុងការស្វែងរកសច្ចធម៌ពិតរបស់កម្ពុជា ហើយកន្លងមកនេះ ក៏បានបន្តជួយដល់កម្ពុជាយើង លើវិស័យអភិវឌ្ឍន៍ដែរ” ។

បន្ថែមពីនេះនាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានស្នើស៊ុយអ៊ែតពិនិត្យពិចារណា ជួយកម្ពុជាលើវិស័យដទៃទៀតផងដែរ។

ចំណែក លោក Bjorn Haggmark បានលើកឡើងដែរថា ស៊ុយអែតបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយតុលាការ កាត់ទោសមេដឹកនាំកំពូល របស់ខ្មែរក្រហមកន្លងមក ។

លោកបញ្ជាក់ថា បេសកកម្មការទូតរបស់លោកមកកាន់កម្ពុជា មិនចំណាយពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់ ជាពិសេសពង្រីកទំនាក់ទំនង ទៅលើបញ្ហាសកល ដូចជា បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាសកលភាវូបនីយកម្ម ៕ ដោយ ៖ អេង ប៊ូឆេង

To Top