ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ (ច្រកម៉ាឡៃ): អាជីវករ និងអ្នកនាំចេញ សុំការអន្តរាគមន៍ ពីសម្តេច តេជោ ហ៊ុន សែន ទៅខាងភាគីថៃ ដើម្បីបាន នាំចេញដំឡូងមី តាមមាត់ច្រកម៉ាឡៃ ធម្មតាឡើងវិញ

 

ដោយហេតុថា  ភាគីថៃ បានបិទ  មិនអោយកសិផលដំឡូង នាំចេញពី កម្ពុជា ទៅប្រទេសថៃតាមមាត់ច្រកម៉ាឡៃឡើយ   ទើបកសិករ និងអ្នកនាំចេញស្នើសុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន  មេត្តាជួយអន្តរាគមន៍ទៅភាគីថៃ បើក ច្រកព្រំដែនម៉ាឡៃឲ្យកសិផលកម្ពុជា អាច  នាំចេញ បានដូចធម្មតាឡើងវិញ ព្រោះភាគីថៃមិនត្រូវធ្វើរបាំងពាណិជ្ជកម្មជាមួយនិងកសិផលខ្មែរ នោះទេ  ព្រោះទំនិញ របស់ខ្លួនគ្រប់ប្រភេទអាចចូលមកក្នុងទីផ្សារកម្ពុជាបានដោយសេរី   និង  គ្មានការធ្វើរបាំងពាណិជ្ជកម្មអ្វីទាំងអស់   ។

អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ ភាគីថៃបានសម្រេច បិទការនាំចូលកសិផលដំឡូងមីពីកម្ពុជា តាមច្រកព្រំដែនមួយចំនួន ក្នុងនោះមានច្រកព្រំដែនម៉ាឡៃផងដែរ ។

 ការសម្រេចនេះ ធ្វើឲ្យកសិផលដំឡូងមីរបស់កសិករ ខ្មែរ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពិសេសក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដែលសំបូរទៅដោយដំណាំដំឡូងមី នោះ ពិតជាពិបាកក្នុងការប្រមូលផលដឹកជញ្ជូននាំចេញទៅតាមច្រកឆ្ងាយៗ ដែលនាំឲ្យពួកគាត់ត្រូវចំណាយថ្លៃ ដឹកជញ្ជូន  ខ្ពស់ជាងមុន ដែលជាពិសេសខាតបង់ដល់ការធ្វើពាណិជ្ជកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំង២ផងដែរ។

ប្រជាពលរដ្ឋមានការលំបាក ក្នុងពេលដែលដាំដុះដំឡូងមី រួចហើយ  ដល់ពេលប្រមូលផលបានហើយ  ជួបការពិបាកក្នុងការ នាំចេញបែបនេះទៀត  ទើបកសិករ និងអ្នកនាំចេញសូមអង្វរ  ទទូចស្នើសុំការជួយអន្តរាគមន៍ ពី សម្តេចតេជោ  ដើម្បីឲ្យភាគីថៃ បើកច្រកព្រំដែនម៉ាឡៃ ឲ្យកសិផលដំឡូងមីកម្ពុជា អាចនាំចេញតាមច្រកនេះឡើងវិញ ។ ខណៈរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ខិតខំធ្វេីការយ៉ាងច្រើនដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្ម មានការកើនឡើង ដោយសម្រេចបើក ច្រក ព្រំដែន ថ្មីៗជាច្រើន  រួមមានទាំងច្រកអន្តរជាតិ និងច្រកទ្វេភាគី ដើម្បីសម្រួលដល់  ដល់ប្រជាជន  នៃប្រទេសទាំង2 ក៏ដូចជាការជួយសំរួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសភូមិផង របង ជាមួយផងដែរ ប៉ុន្តែបែរជានៅពេលបើកច្រកបានហើយ មិនឲ្យកសិកផលរបស់កម្ពុជាអាចនាំចូលបាន  ទៅវិញ តើការខំបើកច្រកព្រំដែនមានអ្វីប្រយោជន៍អ្វី? តើជាចេតនាមិនឲ្យកម្ពុជា រីកចម្រើនក្នុងការពង្រីកទំហំនៃការនាំចេញកសិផលទៅប្រទេសថៃ ឬយ៉ាងណា? 

បើតាមពត៌មានពីប្រជាពលរដ្ឋ  ដែលជាអ្នកនាំចេញកសិផល ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានបញ្ជាក់ថា ភាគីថៃបានបិទ មិនឲ្យកសិផលដំឡូងមីរបស់កម្ពុជា នាំចូលតាមច្រកម៉ាឡៃឡើយ ដែលធ្វើឲ្យការនាំចេញរបស់ពួកគាត់ ជួបប្រទះការលំបាកយ៉ាងខ្លាំង ដោយ តម្រូវឲ្យ ដឹកទៅតាមច្រកឆ្ងាយៗពីភូមិសាស្ត្រនេះ នាំអោយចំណាយលើការដឹកជញ្ជូនខ្ពស់  និងប្រើ ប្រាស់ពេលវេលាយូរជាងមុនទំរាំនាំចេញបាន  ១លើកៗ ។

 លោក  Bong Sa តំណាងក្រុមហ៊ុន  Mahachokchhai និង  ក្រុមហ៊ុន  Jet Capital ប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដែលជាក្រុមហ៊ុននាំចេញកសិកផលផងដែរនោះ បានបញ្ជាក់ ផងដែរថា ភាគីថៃពិតជាមាន ការបិទដំឡូងមី មកពីកម្ពុជា តាមមាត់ច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យពិតប្រាកដមែន ដែលរឿងនេះបានកើត ឡើងរយៈពេលជាច្រើនខែមកហើយ។ ការបិទនេះដោយភាគី យកលេសថា  ពិបាកត្រួតពិនិត្យរោគ ដែល កើតចេញពីដំឡូងមី របស់ខ្មែរយើង  ។  កសិករយើងសួរថា ចុះបើដំឡូងពីម៉ាឡៃ  ទៅ ចេញច្រកផ្សេងម៉េចក៏មិនមាន រោគ នេះគ្រាន់តែជា លេស  មួយរឹតបន្តឹងនូវការនាំចូលទំនិញកសិផលខ្មែរ  ដែលធ្វើអោយការ នាំចេញទៅថៃកាន់តែមាន ភាពពិបាកទៅៗតែប៉ុណ្ណោះ។ 

ជាមួយគ្នានេះ បងប្អូនកសិករបានសម្តែង ការព្រួយបារម្ភ អំពីការធ្លាក់ចុះនៃតម្លៃដំឡូងមីផងដែរ នៅពេលថ្លៃដឹកជញ្ជូនត្រូវចំណាយខ្ពស់ពេក ដោយដូច្នេះអ្នកនាំចេញពួកគាត់ នឹងត្រូវបន្ទាបថ្លៃកសិផល ដូច្នេះអ្នកដែលរងគ្រោះ គឺប្រជាកសិករខ្មែរ។ ដោយហេតុនេះហើយទើបពួកគាត់សំណូមពរ ឲ្យសម្តេចតេជោ  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយដោះស្រាយបញ្ហាទុក្ខលំបាកនេះផង  ដោយជួយអោយភាគីថៃ ធ្វេីការបើច្រកព្រំដែនម៉ាឡៃនេះឲ្យដំឡូងមីខ្មែរបាននាំចេញ តាមធម្មតា  និងប្រក្រតីឡើងវិញ។ 

ប្រជាពលរដ្ឋ  នៅស្រុកម៉ាឡៃ  មានសង្ឃឹមយ៉ាងមុតមាំថា  និងទទួលបានការអន្តរាគមន៍ពីសម្តេចតេជោ  ក៏ដូចជាមន្រ្តីជំនាញរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ដើម្បីជំរុញអោយភាគីថៃដាក់អោយដំណើរការនាំចេញកសិផលបានតាមមាត់ច្រកម៉ាឡៃ  ជាប្រក្រតីឡើងវិញ  ហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង  ដល់សម្តេចតេជោ  ហ៊ុន  សែន  ជានាយករដ្ឋមន្រ្តី  នៃព្រះរាជាណាចក្រកម្ពុជា  គ្រប់ៗអណត្តិផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top