ព័ត៌មានជាតិ

កម្ពុជា -វៀតណាម ចុះហត្ថលេខារួមគ្នា លើឯកសារផែនការ សហប្រតិបត្តិការ ឆ្នាំ២០២០

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃកម្ពុជា និងឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានចុះហត្ថលេខារួមគ្នា លើឯកសារផែនការ សហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្ត ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។

យោងតាមគេហទំព័រ ហ្វេសប៊ុក របស់សម្តេច ស ខេង កាលពីថ្ងៃទី១៨ មករាថា “ឯកសារផែនការ សហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្ត ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលសម្ដេច ស ខេង និងឧត្តមសេនីយឯក តូ ឡឹម បានចុះហត្ថាលេខា នាពេលនេះ មានខ្លឹមសារផ្ដោតសំខាន់ ទៅលើការ លើកកម្ពស់តួនាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងបន្ទាប់ ពីសម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូក្រសួង បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល វៀតណាម ជាមួយសមភាគីវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯក តូ ឡឹម។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១៧ ដល់ ខែមករា ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រី នៃក្រសួងនគរបាលវៀតណាម។ ទស្សនកិច្ចនេះ គឺដើម្បីបន្តអនុវត្តយន្តការ សហប្រតិបត្តិការទ្វេភាគី ប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម៕ ដោយ៖ អេង ប៊ូឆេង

To Top