ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញ គោលការណ៍ ណែនាំ ពង្រឹងបទបញ្ជាផ្ទៃក្នុង អោយកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ បន្ទាប់ពីសង្កេត ឃើញគ្រឹះស្ថានមួយចំនួន មិនទាន់អនុវត្តតាមបទបញ្ជាផ្ទៃក្នុង របស់ក្រសួងយុវជន និងកីឡា ឲ្យបានពេញលេញនៅឡើយ ក្រសួងបានដាក់ចេញ នូវសេចក្ដីណែនាំក៏ដូចជា លិខិតបទដ្ឋាននានាមួយចំនួន ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃ ក្នុងនេះឲ្យកាន់តែមានប្រសិទ្ធភាព ។

យោងតាមតាមសេចក្ដីណែនាំ ក្រសួងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា មានគ្រឹះស្ថានសិក្សាមួយចំនួនតូចមិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រងអ្នកសិក្សាក្នុងបរិវេណគ្រឹះស្ថានសិក្សាដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឲ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង ។

សេចក្ដីណែនាំបន្តថា ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងឲ្យមានប្រសិទ្ធភាពធានាបានសីលធម៌ សុជីវធម៌ សុខសុវត្ថិភាព គ្មានអំពើហិង្សា និងបាតុភាពអសកម្មនានានៅតាមគ្រឹះស្ថានសិក្សា ក្រសួងធ្វើការណែនាំមួយចំនួនដូចជា៖

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវពង្រឹងការអនុវត្តភារកិច្ច របស់គ្រូទទួលបន្ទុកថ្នាក់លោកគ្រូ អ្នកគ្រូបង្រៀនតាមមុខវិជ្ជា ឲ្យណែនាំសិស្សានុសិស្ស អនុវត្តបទបញ្ជាផ្ទៃក្នុងរាល់ម៉ោងសិក្សា និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយុវជន កុមារ ក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាអប់រំ ដើម្បីមានវិធានការទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពមិនប្រក្រតីរបស់សិស្ស ក្នុងបរិវេណគ្រឹះស្ថានសិក្សា។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវប្រជុំណែនាំអំពីករណីយកិច្ចរបស់អ្នកសិក្សា ដូចជា៖ វិន័យសីលធម៌ សុជីវធម៌ ការស្លៀកពាក់ ការតុបតែងខ្លួន អនាម័យ កម្រិតវិន័យ ការសុំច្បាប់ឈប់សម្រាក ។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវធ្វើទំនាក់ទំនង និងសហការជិតស្និទ្ធជាមួយ មាតាបិតា អ្នកអាណាព្យាបាលសហគមន៍ ដើម្បីផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងបាតុភាពមិនប្រក្រតី ។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដូចជា៖ កម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី ដើម្បីផ្តល់ព័ត៌មាន ក្នុងករណីមានការប្រព្រឹត្តអំពើអន្ធពាលអំពើហិង្សា សកម្មភាព អុកឡុកបង្កចលាចលនានា ពីសំណាក់សិស្សានុសិស្ស ឬក្រុមក្មេងទំនើង នៅក្បែរ ឬក្នុងបរិវេណគ្រឹះស្ថានសិក្សា។

ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវកំណត់របៀបវារៈអំពីប្រសិទ្ធភាព នៃការអនុវត្តបទបញ្ជាផ្ទៃក្នុង ។

មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ ណែនាំ ត្រួតពិនិត្យការអនុវត្តច្បាប់ ជាពិសេសបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ។

អ្នកសិក្សាត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា ដែលបានដាក់ចេញ ។ ក្នុងករណីអ្នកសិក្សាបានប្រព្រឹត្តខុសនឹងត្រូវទទួលទណ្ឌកម្ម តាមបទបញ្ជាផ្ទៃក្នុង ។ ដោយឡែកបទល្មើសព្រហ្មទណ្ឌ ក្នុងនិងក្រៅបរិវេណគ្រឹះស្ថានសិក្សា អ្នកសិក្សាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងស្ថិតនៅក្រោមសមត្ថកិច្ច របស់អាជ្ញាធរ តាមឋានានុក្រម៕ ដោយ៖ធី លីថូ

To Top