ព័ត៌មានជាតិ

លោក សុខ ឥសាន ហៅពលករខ្មែរ ធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ឲ្យមកធ្វើនៅកម្ពុជាវិញ

ភ្នំពេញ ៖ ក្រុមយុវជនខ្មែរ ដែលជាពលករ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំង វត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២០។

ប៉ុន្តែសម្រាប់គម្រោងធ្វើបាតុកម្មនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានហៅពួកគេឲ្យមកធ្វើនៅកម្ពុជា វិញបើមានចិត្តសឿងមែន។

លោក សុខ ឥសាន តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃ៣ កុម្ភៈ បានលើកឡើងថា “ពលករខ្មែរនៅកូរ៉េមួយចំនួនតូចថា ខ្លាចបាត់បង់កម្ពុជា បើខ្លាចបាត់បង់កម្ពុជា គួរត្រឡប់ ទៅធ្វើបាតុកម្មនៅកម្ពុជា វិញទៅ ។ ពលករខ្មែរនៅកូរ៉េមួយចំនួនតូចចង់ ទាញសម្តេចតេជោចេញពីអំណាច ? តើទាញរបៀបម៉េចទៅ បើនៅឯកូរ៉េឯណោះ ។ ចង់ទាញគួរតែវិលមកទាញ នៅក្នុងប្រទេសទើបហៅថា អ្នកក្លាហានមែន” ។

បើតាមអ្នកនាំពាក្យកាន់អំណាច អ្នកដែលទាមទារឲ្យសម្តេចតេជោ ចុះចេញពីអំណាចមានតែ០,០០១% ប៉ុន្តែអ្នកគាំទ្រឲ្យសម្តេចតជោ បន្តកាន់តំណែងមានច្រើនលើសលុប។ បើចឹងមែន តើធ្វើម៉េចឲ្យសម្តេច ចុះចេញបានទៅ ?

លោកថា ចាំមើលលទ្ធផលបាតុកម្ម ប្រឆាំសម្តេចតេជោ ហ៊ុន សែន តើបានស្អីខ្លះ ដែលអួតថា ឈានមួយជំហ៊ានមុនរួចទៅហើយនោះ ?

លោក សុខ ឥសាន អះអាងថា ដោយសារកម្ពុជាពិតប្រាកដ ទើបមានពលករខ្មែរអាចមកធ្វើការ យកលុយនៅក្រៅប្រទេសបាន តែបើកម្ពុជាមិនមានសន្តិភាពពិតប្រាកដ គឺយុវនខ្មែរមិនមានឱកាសបានមកធ្វើការ នៅក្រៅប្រទេសទេ ប្រាកដជាត្រូវជាប់កំណែនធ្វើទាហ៊ានហើយ ។

បើតាមការផ្សព្វផ្សាយ របស់វិទ្យុអាស៊ីសេរី ក្រុមបាតុករបានដើរហែក្បួន លើកបដាពីកន្លែងជួបជុំនៅទីលានជុងកាក់ ក្នុងតំបន់បូស៊ីងកាក់ ក្រុងសេអ៊ូល (Seoul) ឆ្ពោះទៅមុខសាលាក្រុងសេអ៊ូល និងថ្លែងការណ៍ពីគោល បំណង នៃទាមទារឲ្យដោះលែង លោក កឹម សុខា និងស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ ក្រៅពីការទាមទារទាក់ទងនឹង វិបត្តិនយោបាយនៅកម្ពុជា ក្រុមបាតុករក៏បានប្រកាសប្រឆាំង និងគម្រោងផ្ដល់ដី៤០ហិកតាទៅឲ្យជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំងផងដែរ៕

To Top