ព័ត៌មានជាតិ

កូរ៉េផ្ដល់ឥណទាន ៧០០លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ ស្របពេលទំនាក់ទំនង រវាងប្រទេសកម្ពុជានិងកូរ៉េខាងត្បូងបានក្លាយទៅជា ទំនាក់ទំនងស៊ីជម្រៅ ពេញលេញ និងចាស់ទុំនោះ ភាគីកូរ៉េប្រកាសថា នឹងដំឡើងឥណទានពី៣៥០ដល់ ៧០០ លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍន៍ លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកមូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា យើងបានអនុវត្តនូវគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ចំពោះគំនិតផ្ដួចផ្ដើមនេះ។ 

ពាក់ព័ន្ធជាមួយនឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគី លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតមួយចាស់ទុំ និងបានបញ្ចប់កិច្ចព្រមព្រៀង ពាក់ព័ន្ធជាមួយនឹងការ ផ្តល់ជំនួយផ្នែកច្បាប់ ព្រមទាំងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីការមិនយកពន្ធ ត្រួតគ្នា រវាងប្រទេសទាំងពីរផងដែរ។ 

ក្នុងជំនួបនោះផងដែរ លោក មូន ជេអ៊ីន បានស្វាគមន៍ចំពោះសម្ដេចតេជោ និងរីករាយដែលបានជួបជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅពេលនេះ។ 

លោកបានបួងសួង សូមឲ្យសុខភាព ម្ដាយក្មេក របស់សម្ដេចបានធូរ នឹងជាសះស្បើយ ឆាប់ខាងមុខនេះ។ លោកប្រធានាធិបតី បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ដែលគំនិតផ្តួចផ្តើម របស់សម្តេចតេជោ បានដំណើរការ ទៅដោយជោគជ័យ និងបានអរគុណ សម្ដេចតេជោ ចំពោះការផ្ដួចផ្ដើមគំនិត នៅក្នុងការរៀបចំ កិច្ចប្រជុំលើកដំបូង ដែលបានប្រព្រឹត្ត ទៅកាលពីខែវិច្ឆិកាកាល២០១៩កន្លងទៅ។ 

លោកមួន ជេអ៊ីន រីករាយចំពោះដំណើរការ នៃទំនាក់ទំនង ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរផងដែរ។ 

លោកបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្ដល់ការគាំទ្រ យ៉ាងសកម្មចំពោះ ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅកម្ពុជានៅចុងឆ្នាំនេះ។ 

លោកសង្ឃឹមថា កម្ពុជានឹងគាំទ្រ កិច្ចប្រជុំពាក់ព័ន្ធ នៃកំណើនសេដ្ឋកិច្ចបៃតង ដែលនឹងរៀបចំ នៅប្រទេសកូរ៉េ នៅចុងឆ្នាំនេះផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណរដ្ឋាភិបាលកូរ៉េ ដែលបានអញ្ជើញសម្ដេចមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់ពិភពលោកនេះ។ 

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ ដែលរដ្ឋាភិបាលកូរ៉េ បានផ្ដល់ដល់កម្ពុជា។ សម្ដេចតេជោក៏អរគុណផងដែរចំពោះការយល់របស់លោកប្រធានាធិបតីកូរ៉េ ចំពោះអវត្តមានរបស់សម្ដេច ក្នុងការចូលរួមប្រជុំ កំពូលអាស៊ាន-កូរ៉េ កាលពីខែវិច្ឆិកា ២០១៩ កន្លងទៅនេះ។

សម្ដេចតេជោបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយទៅជាទំនាក់ទំនង ស៊ីជម្រៅ ពេញលេញ ក្រោយពីការបង្កើតឡើងនៅ ក្នុងឆ្នាំ១៩៩៦ និងមានកិច្ចព្រមព្រៀង ជាច្រើន រវាងប្រទេសទាំងពីរ ដែលបានចុះជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ 

សម្ដេចតេជោពិតជារីករាយ ដែលបានឃើញកិច្ចព្រមព្រៀង ការមិនយកពន្ធត្រួតគ្នា ដែលត្រូវបានចុះហត្ថលេខា កាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀង នឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកវិនិយោគ ប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។ 

សម្ដេចបានបញ្ជាក់ថា ការកែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មី ចំពោះអ្នកវិនិយោគ ហើយសង្ឃឹមថា លោកប្រធានាធិបតី និងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េ បន្តមកដាក់ ទុនវិនិយោគនៅកម្ពុជា។

 សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានបន្តកើនឡើង នៅឆ្នាំ២០១៩ កន្លងទៅ ក្នុងន័យនេះសម្ដេចតេជោ ចង់ឃើញឲ្យមានការនាំចេញ ផលិតផល របស់កម្ពុជា បន្ថែមទៀត មកកាន់ទីផ្សារកូរ៉េ។

កម្ពុជាបាននាំស្វាយ ស្រស់ទៅកាន់ទីផ្សារកូរ៉េ កាលពីដើមឆ្នាំកន្លងទៅ ដែលក្នុងនេះសម្ដេច បានត្រេកអរចំពោះ ការនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារកូរ៉េ។ សម្ដេចចង់ឃើញ ការបន្តធ្វើកិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើវិស័យកសិកម្ម នៅប្រទេសកម្ពុជា។ 

សម្ដេចតេជោ បានស្នើឱ្យលោក ប្រធានាធិបតី ជួយគាំទ្រ ក្នុងការពង្រឹងការវិនិយោគ លើវិស័យកសិកម្ម នៅប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងជម្រុញការកែច្នៃ ផលិតផលកសិកម្ម សម្រាប់នាំចេញ មកកាន់កូរ៉េផងដែរ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ស្នើឲ្យកូរ៉េបន្ត បន្តកិច្ចព្រមព្រៀងចាស់ ពាក់ព័ន្ធវិស័យទេសចរណ៍ ក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

 ក្នុងន័យនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។

To Top