ព័ត៌មានជាតិ

ក្រសួងដែនដី ៖ បញ្ហាដីធ្លី ទាក់ទងផ្ទាល់ ជាមួយជីវភាពរស់នៅ របស់ពលរដ្ឋនៅមូលដ្ឋាន ដែលទាមទារឲ្យមន្រ្តី ដោះស្រាយ ដោយតម្លាភាព

ភ្នំពេញ ៖ លោក ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា បញ្ហាដីធ្លី ជាបញ្ហា នៅនឹងមូលដ្ឋាន ដែលទាក់ទងផ្ទាល់ ទៅនឹងសណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូច្នេះមន្ដ្រីរាជការរបស់ក្រសួង ត្រូវមានការអភិវឌ្ឍន៍ នៅមូលដ្ឋាន ប្រកបដោយតម្លាភាព ។

ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី ការចុះបញ្ជីអចលនវត្ថុ ទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទេព ធន បានឲ្យដឹងថា មន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង គោរពវិន័យ ក្នុងអង្គភាពឲ្យបានម៉ឹងម៉ាត់ និងដោះស្រាយរាល់បញ្ហាចំពោះមុខ ដោយផ្អែកលើគោលការណ៍ច្បាប់ និងបទដ្ឋាន គតិយុត្តជាធរមាន ។

លោក មានប្រសាសន៍ថា «បញ្ហាដីធ្លី ជាបញ្ហានៅនឹងមូលដ្ឋាន ដែលទាក់ទងផ្ទាល់ទៅនឹង សណ្ដាប់ធ្នាប់ របៀបរៀបរយ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅធ្វើឲ្យការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយនិរន្ដរភាព និងតម្លាភាព» ។

លោកបន្ដថា ក្រសួងរៀបចំដែនដី តែងតែខិតខំប្រឹងប្រែងជំរុញគ្រប់រូបភាព សំដៅដុសខាត់ចំណេះដឹង ក៏ដូចជា ពង្រឹងសមត្ថភាពមន្ត្រី រាជការក្រោមឱវាទក្រសួង ទាំងនៅថ្នាក់កណ្ដាល និងនៅថ្នាក់ក្រោមជាតិ ដើម្បីធានាការផ្ដល់សេវាសាធារណៈ ជូនពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ឲ្យប្រសិទ្ធិភាព ។

លោកថា ការទទួលខុសត្រូវរបស់មន្ដ្រីរាជការ ក្នុងការបំពេញសេវាជូនពលរដ្ឋ និងអ្នកប្រើប្រាស់សេវា ត្រូវប្រកបដោយដោយតម្លាភាព តម្លៃសមរម្យ ខ្លី សាមញ្ញ អាចជឿទុកចិត្ត ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា តាមសំណូមពររបស់ពលរដ្ឋ ។

លោកបន្ថែមថា ការផ្តល់សេវាសាធារណៈល្អ មានប្រសិទ្ធភាព និងតម្លាភាព គឺជាការចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង ដែលជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកថា ដើម្បីសម្រេចនូវគោលបំណងនេះ មន្ត្រីរាជការចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌វិជ្ជាជីវៈ។

សូមជម្រាបថា នៅក្នុងវគ្គបណ្ដុះបណ្ដាល របស់ក្រសួង ដែនដីខាងលើនេះ សុទ្ធសឹងជាប្រធានបទល្អៗ ដើម្បីឆ្លើយតបទៅនឹង ការងារអនុវត្តផ្ទាល់ រួមមាន ៖ ការចុះបញ្ជីអំពីហ៊ីប៉ូតែក ធានាបំណុលអណ្ដែត ,ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ លើអចលនវត្ថុ ដោយមូលហេតុសន្ដតិកម្មជាអាទិ៍ ,ការចុះបញ្ជីអំពីសិទ្ធិជួលអចិន្ដ្រៃយ៍ , ការចុះបញ្ជីអំពីសេវភាព ,ការចុះបញ្ជីអំពីការរឹបអូស ជាបណ្ដោះអាសន្ន និងការចុះបញ្ជីអំពីការចាត់ចែង ជាបណ្តោះអាសន្ន ដែលហាមឃាត់ការចាត់ចែងអចលនវត្ថុ៕ដោយ ៖ អេង ប៊ូឆេង

To Top