ព័ត៌មានជាតិ

អតីតមេភូមិម្នាក់ ជំពាក់លុយគេច្រើន ចងកធ្វើអត្តឃាត

ភ្នំពេញ៖ មានវិបត្តិផ្លូវចិត្ត ដោយសាររឿងជំពាក់លុយគេច្រើន បណ្តាលឲ្យអតីតជាមេភូមិម្នាក់ សម្រេចចិត្តចងកធ្វើអត្តឃាត កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល ។

នគរបាលស្រុកពញាឮបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជួប ឆន អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

នៅមុនពេលកើត ជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្ត ពីរឿងជំពាក់លុយគេច្រើន និងពាក់ព័ន្ធរឿងដីធ្លី ជាមួយប្រជាពលរដ្ឋ កាលពីនៅធ្វើជាមេភូមិ នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ហើយទើបប្តូរទីលំនៅមករស់នៅភូមិស្លែង ឃុំជ្រៃលាស់វិញ ។ លុះមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក ប្រពន្ធជនរងគ្រោះបានភ្ញាក់ពីដេក ស្លៀកពាក់ទៅធ្វើការរោងចក្របាត់ទៅ ដោយប្តីនៅដេកក្នុងរោងបន្តទៀត ។

បន្ទាប់មកមានក្មេងស្រីម្នាក់ នៅផ្ទះជាប់របងគ្នាបានរត់លេង ហើយបានប្រទះឃើញជនរងគ្រោះ ចងកជាប់និងដើមស្វាយរបស់ខ្លួន នៅក្នុងដីឡូតិ៍ក្បែរផ្ទះរបស់ជនរងគ្រោះ ពេលនោះ ក៏បានរត់ទៅប្រាប់អោយគេជួយ និងតេទូរស័ព្ទទៅប្រាប់ប្រពន្ធរបស់ជនរងគ្រោះ នៅរោងចក្រ ។

ក្រោយមកក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះបានទូរស័ព្ទ ទៅប្រាប់នគរបាលប៉ុស្តិ៍ជ្រៃលាស់ប្រាប់ថា មានមនុស្សចងកស្លាប់នៅភូមិស្លែង ។ ក្រោយពី បានទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានសហការ ជាមួយជំនាញពិនិត្យហេតុស្រុកពញាឮ មានក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ ទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារការធ្វើអត្តឃាត ដោយសារចងកសម្លាប់ ខ្លួនពិតប្រាកដមែន ។ ក្រោយពេលពិនិត្យចប់សព្វគ្រប់ បានប្រគល់សាកសព អោយទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

To Top