ព័ត៌មានជាតិ

អង្គការ១០០ ស្នើរាជរដ្ឋាភិបាល និរាករណ៍ចោល វិសោធនកម្ម​ ច្បាប់ស្ដីពីសមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​

ភ្នំពេញ៖​ សហគមន៍​និងអង្គការ សង្គមស៊ីវិល​ ចំនួន១០០បានសំណូមពរ​ដោយទទូច​អោយ រាជរដ្ឋាភិបាលកម្ពុជា​ ធ្វើការ​និរាករណ៍​​វិសោធនកម្មច្បាប់ ស្ដីពី​សមាគម​និង​អង្គការ​ មិនមែន​រដ្ឋាភិបាល​ឲ្យបានឆាប់​រហ័ស។​

សេចក្តីថ្លែងការណ៍របស់ ក្រុមអង្គការនៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំ​លើកទី៤​ថ្ងៃនេះ​រវាង​ ក្រសួងមហាផ្ទៃ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ក្នុងស្រុក​មួយចំនួន​ បានបញ្ចប់ទៅ​ដោយមិនមានលទ្ធផល​ជាវិជ្ជមាន​ ចំពោះការធ្វើវិសោធនកម្ម​ច្បាប់ស្ដីពី​​សមាគម​និងអង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យមាន​ភាពល្អប្រសើរ​នោះទេ។ នេះគឺជា​សកម្មភាព​​ចុងក្រោយ​មួយនៃសកម្មភាពផ្សេងៗទៀតដែល​បង្ហាញថា​ រដ្ឋាភិបាល​ខ្វះឆន្ទៈ​ក្នុងការ​ធ្វើវិសោធនកម្ម​ច្បាប់នេះ ដែលមិន​ត្រឹមតែ​ប៉ះពាល់​ដល់អង្គការ​មិនមែនរដ្ឋាភិបាល​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ក៏ប៉ះពាល់​ដល់សមាគម​ និងក្រុម​សហគមន៍​មូលដ្ឋាន​ផងដែរ។​

មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន​ បានលើកឡើងថា ​គំនិត យោបល់​ផ្សេងៗគ្នារបស់​ក្រុមសង្គម​ស៊ីវិល​រាប់ពាន់​ស្ថាប័ន គឺ​ជា​ហេតុផល​ដែលមិនអាច​ធ្វើវិសោធនកម្ម​​ច្បាប់នេះបាន។​ 

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍បន្តថា”យើងខ្ញុំយល់ឃើញ​ថា ភាពខុសប្លែកគ្នា​នៅក្នុងរចនា​សម្ព័ន្ធដឹកនាំ​ គោលបំណង​ និងតំណាង​របស់ក្រុមផ្សេងៗ​ សមាគម​ និងអង្គការ ​គឺជាភាព រឹងមាំ​នៃសង្គមស៊ីវិលមួយ​ដែលមាន​លក្ខណៈសេរី​ ចម្រុះមជ្ឈដ្ឋាន​ និងឯករាជ្យ។​ ដោយអះអាង​ពីតម្រូវការ​នៃគំនិតយោបល់រួម​ជាឯកច្ឆន្ទរបស់ក្រុម​សង្គមស៊ីវិល ក្រសួងមហាផ្ទៃគឺ​កំពុងតែ​បង្ហាញពីការខ្វះឆន្ទៈរបស់ខ្លួន​នៅពីក្រោយ​ភាពមិនអាច​ទៅរួចនៃ​ការធ្វើវិសោធនកម្មនេះ”។

បើតាមសេចក្តីថ្លែងការណ៍ដដែល មុនពេលអនុម័តច្បាប់ស្ដីពី សមាគម និង អង្គការ មិនមែនរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១៥ ច្បាប់នេះបាន ទទួលរងការរិះគន់យ៉ាងខ្លាំងពី សំណាក់ ក្រុមសហគមន៍ មូលដ្ឋាន សហជីព អង្គការ មិនមែន រដ្ឋាភិបាល ក៏ដូចជា អង្គការ សហប្រជាជាតិ៕

To Top