ព័ត៌មានជាតិ

កម្ពុជា​តែងតែ សហការជាមួយ​ UN​ HCR​ គាំពារជន ភៀសខ្លួន និងជ​នស្វែងរកសិទ្ធិជ្រកកោន

ភ្នំពេញ​ ៖​ កម្ពុជាតែងតែអនុវត្តយ៉ាងល្អ​ ឥតខ្ចោះជាមួយការិយាល័យឧត្តមស្នងការ សហប្រជាជាតិ​ ទទួលបន្ទុកជនភៀសខ្លួន (UN​ HCR)​ ដើម្បីកិច្ចសហប្រតិបត្តិការលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។

ក្នុងជំនួបពិភាក្សាការងារជាមួយ​លោក​ Giusepe de Vincentis អ្នកតំណាងថ្មីរបស់​ UN​ HCR​ នារសៀល​ថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ រំលឹកថា​ កម្ពុជា គឺជាប្រទេសហត្ថលេខីនៃអនុញ្ញាជនភៀសខ្លួន​ ឆ្នាំ១៩៥១ ដូច្នេះមានភារកិច្ចក្នុងការទទួលពិនិត្យរាល់ជនទាំងឡាយណា​ ដែលទទួលរងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាព ក៏ដូចជា​ ក្រោមហេតុផលនយោបាយ ឬជនដែលរត់គេចពីសង្គ្រាម​ ស្ថិតក្រោមលក្ខណ្ឌផ្សេងៗ​ ដូចមាន​ ចែងក្នុងអនុសញ្ញាឆ្នាំ១៩៥១។

សម្ដេច​មានប្រសាសន៍ថា​ “ជាទូទៅកម្ពុជាតែងតែអនុវត្តយ៉ាងល្អប្រសើរដោយមានកិច្ចសហប្រតិបត្តិការជាមួយUNHCRលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន”។ 

ផ្ទាំងពាណិជ្ជកម្ម

លោក​ Giusepe de Vincentis​  បានកោតសរសើរកម្ពុជា​ ដែលនៅក្នុងតំបន់អាស៊ាន មិនមានប្រទេសច្រើនទេជារដ្ឋហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយនៃរដ្ឋហត្ថលេខី។ លោក​ប្ដេជ្ញាបន្តជួយផ្ដល់ការគាំទ្រ និងចែករំលែកបទពិសោធន៍ផ្សេងៗជាមួយក្រសួងមហាផ្ទៃ និងអង្គភាពជំនាញរបស់ក្រសួង ដើម្បីឲ្យការងារនេះកាន់តែទទួលបានជោគជ័យ ពិសេសការកសាងសមត្ថភាពមន្ត្រី និងការងារផ្សេងទៀតដែលក្រសួងមានតម្រូវការចាំបាច់ក្នុងការស្នើសុំUNHCRជួយ។ 

លោកបញ្ជាក់​ បញ្ហាជនភៀសខ្លួននៅក្នុងបរិបទបច្ចុប្បន្ននេះកាន់តែមានភាពស្មុគស្មាញ ដោយតួលេខចុងក្រោយមាន ប្រមាណ៧០លាននាក់លើពិភពលោក ហើយមូលហេតុគឺដោយសារកត្តាសង្គ្រាម សេដ្ឋកិច្ច និងបញ្ហាផ្សេងទៀត ដោយបញ្ហាអស់ទាំងនេះUNHCRកំពុងខិតខំដោះស្រាយ ៕

ដោយ​  អេង​  ប៊ូឆេង​

To Top