ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ ផ្តល់អំណោយ ដល់ប្រជាការពារ ចំនួន៥០នាក់

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានសំណេះសំណាល និងផ្តល់អង្ករ ថវិកា ជូនដល់កម្លាំង ប្រជាការពារ សាលាខណ្ឌច្បារអំពៅចំនួន៥០នាក់ ។

ក្នុងឱកាសនោះដែរ លោក ចេង មុនីរ៉ា បានលើកឡើង ពីសកម្មភាពការងារ របស់បងប្អូនប្រជាការពារ របស់សាលាខណ្ឌ ដែលខិតខំប្រឹងប្រែង ចុះរៀបចំសណ្តាប់ តាមដងផ្លូវពិសេស គឺបងប្អូនបានចូលរួមសំអាតអនាម័យ ក្នុងមូលដ្ឋានខណ្ឌ គួរឲ្យកោតសសើរ ខ្លាំងណាស់ ។ មិនត្រឹមតែចុះធ្វើអនាម័យ និងរៀបចំសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ គឺបងប្អូនតែងចូលរួមចុះល្បាត ការពារសន្តិសុខ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទៀតផង ។

លោកអភិបាលខណ្ឌ ក៏បានក្រើនរំលឹកដល់បងប្អូន ប្រជាការពារទាំងអស់ សូមប្រុងប្រយត្ន័ ចំពោះការនិយាយស្តី ក្នុងពេលបំពេញការងារ ទៅលើអ្នកដំណើរ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវមានសុភាពរៀបសារតែម៉ឺងម៉ាត់ ចំពោះអ្នកដែលខុសច្បាប់ ។

ទន្ទឹមនិងនេះ លោកអភិបាលខណ្ឌ ក៏បានសំដែងការអរគុណ ដល់បងប្អូនប្រជាការពារ ដែលខិតខំបំពេញភារះកិច្ចមិនថា យប់ឫថ្ងៃ និងទទួលបានជោគជ័យ ថែមទាំងមានការពេញចិត្ត ពីប្រជាពលរដ្ឋទៀតផង ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាល បានអោយដឹងថា អំណោយ ដែលលោកអភិបាលខណ្ឌ ផ្តល់ដល់បងប្អូនប្រជាការពារទាំង៥០នាក់ គឺម្នាក់ៗទទួលបានអង្ករមួយបាវ ទំងន់៥០គីឡូក្រាម និងថវិការមួយចំនួន ។
នេះជាសកម្មភាពចែករំលែក និងតែងតែគិតគូរគ្រប់ដល់មន្ត្រីក្រោមឱវាត របស់លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលលោកអភិបាលខណ្ឌ មិនទុកឲ្យមន្ត្រីថ្នាក់ក្រោមរួមទាំង ប្រជាពលរដ្ឋជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃឡើយ ៕

To Top