ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយធ្វើសកម្មភាព ឆក់កាបូបដៃ ជនបរទេស

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ ឆក់កាបូបដៃជនបរទេស មិនបានសម្រេច កាលពីវេលាម៉ោង២២ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០២ នៅចំណុចផ្លូវ៦៣ កែងផ្លូវលេខ២៥២ ភូមិទី៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

អធិការខណ្ឌដូនពេញ លោកទៀង ច័ន្ទសា បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួនបាន មានឈ្មោះ១/ ឡេង ចន្ធូ ភេទប្រុស អាយុ ២៥ឆ្នាំ និង ២/-ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ។

លោកអធិការ បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូម៉ាកBEAT ពណ៌ សលាយខៀវ ស្លាកលេខ 1DG 2435 មកអែបជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះ(ជនជាតិបរទេសស្បែក ស) តែមិនបានសម្រេច ដោយបានធ្វើអោយកាបូបដៃនោះ របូតធ្លាក់មកដី ភ្លាមនោះសន្តិសុខ យាមក្រុមហ៊ុនឯកជនឃើញ ហេតុការណ៍ក៏បានស្រែក នឹងដេញតាមជនសង្ស័យខាងលើ ជាប់ជួនកម្លាំងរបស់អធិការដ្ឋាន ដែលកំពុងល្បាត នឹងច្បាមមុខសញ្ញានៅផ្លូវ ប៉ាស្ទ័រ បានលឺនឹងឃើញ ក៏ដេញតាមដល់ចំណុចផ្លូវ ១៧៨ កែង១៩ ក្រោយសាលារចនា សង្កាត់ជ័យជំនះ ទើបបង្ក្រាបជាក់ស្តែងនឹងឃាត់ខ្លួន ជនសង្ស័យបានតែម្តង ។

ក្រោយពីហេតុការណ៍កើតឡើង ជនរងគ្រោះ ពុំបាត់បង់សំភារះ ក៏មិនបានមកដាក់ពាក្យបណ្តឹង តែជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធីច្បាប់ ៕

To Top