ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់​ខ្លួន​មុខសញ្ញា​ លួច​ស្លាក​លេខ​រថយន្ត​ម្នាក់ ដកហូត​បាន​៦​គូ

ភ្នំពេញ ​៖ ​កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ លួច​ដោះ​ស្លាក​លេខ​រថយន្ត​ម្នាក់ ​ក្នុងចំណោម​គ្នា​២​នាក់​ ​ ព្រមទាំង​ដកហូត​វត្ថុ​តាង​ស្លាក​លេខ​រថយន្ត​ដែល​លួច​បាន​ជាច្រើន​បន្ទះ​ផង​ដែរ​ ។​

លោកទៀង ច័ន្ទសា អធិការ នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ​ ជនសង្ស័យ​ករណី​អំពើ​លួច​(​លួច​ស្លាក​លេខ​រថយន្ត​)​នោះ​ ត្រូវបាន​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​ ថ្ងៃទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ​។​

លោកអធិការ បានឲ្យដឹងបន្តទៀតថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នោះ​ ឈ្មោះ សៅ វណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ ​ភូមិ​៣​ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ​។ ​ចំណែក​វត្ថុ​តាង​ចាប់យក​មាន​ស្លាក​លេខ​រថយន្ត​ចំនួន​០៦​គូ ស្មើ​១២​បន្ទះ​ ដែល​មាន​លេខ​ដូចខាងក្រោម​៖
ទី​១
– ភ្នំពេញ 2AR:4712 ចំនួន​០២​សន្លឹក​
– ភ្នំពេញ 2AR:0509 ចំនួន​០២​សន្លឹក​
– ភ្នំពេញ 2AB:6207 ចំនួន​០២​សន្លឹក​
– ភ្នំពេញ 2AS:2485 ចំនួន​០២​សន្លឹក​
– ភ្នំពេញ 2AU:6487 ចំនួន​០២​សន្លឹក​
– ភ្នំពេញ 2BA:2430 ចំនួន​០២​សន្លឹក​

ទី​២.​ឧបករណ៍​សម្រាប់​កាច់​សោ​កុងតាក់​ម៉ូតូ​ចំនួន​០១ , ​ទី​៣.​សោ​សម្រាប់​ដោះ​(​ទួរណឺវិស​)​ស្លាក​លេខ​រថយន្ត​ចំនួន​០៥​ដើម, ​ទី​៤.​កាបូប​ខ្មៅ សម្រាប់​ដាក់​ស្លាក​លេខ​ចំនួន​០១​។ ​ចំណែក​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ នៅ​មុនពេល​កើតហេតុ​ ថ្ងៃទី​២៤ ​ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់ នៃ​អធិការដ្ឋាន​ដូនពេញ​បាន​ចេញ​ធ្វើ​ល្បាត​លើ​ដងផ្លូវ​ក្នុង​ភូមិ​សាស្ត្រ​តាម​បណ្ដា​ប៉ុស្តិ៍។ ពេល​ដែល​កម្លាំង​យើង​ល្បាត​មកដល់​ចំណុច​ផ្លូវ​លេង​១៧​ កែង​១៩​ ​ភូមិ​៣​ ក្នុង​សង្កាត់​ផ្សារ​ចាស់ ក៏បាន​ឃើញ​ជនសង្ស័យ​ចំនួន​០១​នាក់ ​ឈ្មោះ សៅ វណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កំពុងតែ​ដើរ​ ​ដៃ​មាន​កាន់​កាបូប​ខ្មៅ ដោយ​មានការ​សង្ស័យ កម្លាំង​ក៏​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​មាន​ស្លាក​លេខ​រថយន្ត​ចំនួន​១២​សន្លឹក ស្មើ​នឹង​០៦​គូ និង​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀតផងដែរ។ បន្ទាប់មក កម្លាំង​យើង​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន ​រួមទាំង​វត្ថុតាង​យកមក​កាន់​​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់ ដើម្បី​ធ្វើការ​សាកសួរ​។

បើ​តាម​ចម្លើយ ​ជនសង្ស័យ​ បាន​សារភាព​ថា​ ខ្លួន​បាន​ធ្វើ​សកម្មភាព​ជាមួយ​ ឈ្មោះ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ ​និង​មុខរបរ​មិន​ពិតប្រាកដ និង​​ធ្វើ​សកម្មភាព​ចំនួន​០៤​លើក បាន​ស្លាក​លេខ​ចំនួន​០៨​សន្លឹក។ លើក​ទី​១ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​០០និង​១០​នាទី​រំលង​អធ្រាត្រ​ នៅ​ចំណុច​ស្តុ​ប​ដេ​អិន ខណ្ឌ​៧​មករា លួច​បាន​ស្លាក​លេខ​រថយន្ត​Toyota Tacoma ភ្នំពេញ​2AU:6487​។ លើក​ទី​២ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​០១និង​៣០​នាទី​រំលង​អធ្រាត្រ​នៅ​ត្រង​ចំណុច​មុខ​វត្ត​ថ្វាង​ដង្គុំ ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា លួច​បាន​ស្លាក​លេខ​រថយន្ត​Toyota PRIUS​។ លើក​ទី​៣ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោយ​ពេទ្យ​កុមារ​ជាតិ​ ក្នុង ខណ្ឌ​ទួល​គោក លួច​បាន​ស្លាក​លេខ​រថយន្ត ម៉ាក​ហាយ​ឡេ​ន​ឌ័​រ។ លើ​ក​ទី​៤ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ខណ្ឌ​ទួលគោក លួច​បាន​ស្លាក​លេខ​រថយន្ត​ម៉ាក Toyota Prius និង​ស្លាក​លេខ​ចំនួន​០២​គូ​ទៀត ត្រូវ​បាន​ទិញ​ពីក្មេងប្រុស​មិន​ស្គាល់​ឈ្មោះ ក្នុង​តម្លៃ មួយ​គូ​២០ដុល្លារ​ហើ​យ​ជនសង្ស័យ​បាន​យក​ស្លាក​លេខ​ទៅ​លក់​បន្ត​ឲ្យ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ និង​ទីកន្លែង​ស្នាក់​នៅ តាមរយៈ​លេខ​ទូរស័ព្ទ​០៨៧ ៧៨៨៨ ០៧ ក្នុង​មួយ​គូ​តម្លៃ៥០ដុល្លារ។

ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ ​កំពុង​ប្រើប្រាស់​វិធានការ​សាកសួរ​យក​ចម្លើយ បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​អនុវត្ត​តាម​នីតិ​វិធី​។ និង​ទិស​ដៅ​បន្ត អធិការដ្ឋាន និង​ប៉ុស្តិ៍​ទាំង​១១ ​ជំរុញ​ការស្រាវជ្រាវ បន្ត​បើក​ការ​បង្ក្រាប​ជាប្រចាំ​៕

To Top