ព័ត៌មានជាតិ

ផ្លាស់ប្តូរអធិការ នគរបាលក្រុងបាវិត តែងតាំងលោកវរៈសេនីយ៍ត្រី អែម សុវណ្ណារិទ្ធ ជំនួសលោក កែវ គង់

ស្វាយរៀង ៖ ពិធីប្រកាសតែងតាំង អធិការនគរបាលក្រុងបាវិត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដោយលោកវរៈសេនីយ៍ត្រី អែម សុវណ្ណារិទ្ធ ឡើងជាអធិការនគរបាលក្រុងបាវិត ជំនួសលោកវរៈសេនីយ៍ទោ កែវ គង់ ដែលទទួលភារកិច្ចថ្មី ជានាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងផ្តាំផ្ញើអធិការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការងារបង្ការ និងបង្រ្កាបបទល្មើសផ្សេងៗ ដូចជាបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានក្រុងបាវិត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

ថ្លែងនៅក្នុងឱកាសនោះលោក កឹង ឃន ស្នងការនគរបាល ខេត្តស្វាយរៀង បានធ្វើការជំរុញដល់អធិការថ្មី ត្រូវធ្វើកិច្ចការដោយមានការចូល រួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ជាពិសេសត្រូវមានការសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពអនុវត្តឲ្យមានប្រសិទ្ធភាព ខ្ពស់នូវរាល់បទបញ្ជា របស់គណៈបញ្ជាការឯកភាពក្រុងបាវិត ដែលមានលោកលឹម សៀងហេង ជាអភិបាលក្រុង។

លោកស្នងការបានថ្លែងបន្តថា គឺលោកអធិការថ្មី ត្រូវពង្រឹងរបៀបរបបការងារ តាមឋានានុក្រមការងារ និងត្រូវមានការលើកទឹកចិត្ត ជូនរង្វាន់ដល់អង្គភាព មន្រ្តីដែលមានស្នាដៃ យកចិត្តទុកដាក់អប់រំ ព្រមាន អនុវត្ត វិន័យ សីលធម៌ លក្ខន្តិកៈមន្រ្តីនគរបាលជាតិ និងអនុវត្ត ច្បាប់ចំពោះមន្រ្តីដែលខុសឆ្គង។

លោកថា ត្រូវបែងចែកកិច្ចការងារ ជំនាញឲ្យបានច្បាស់លាស់ ទន្ទឹមនោះក៏ត្រូវមានអង្គប្រជុំទៀងទាត់ និងត្រូវរួមសហការ ជាមួយអាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាប ជាពិសេសការអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្ថែមថា អាជ្ញាធរ ចៅ សង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៍ ក្នុងក្រុងបាវិត បន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ អំពីមេរោគឆ្លងកូរ៉ូណា និងមានវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការកុំអោយរីករាលដាលព្រោះសម្រាប់ខេត្តស្វាយរៀង យើងមិនទាន់មានពលរដ្ឋណាម្នាក់ ឆ្លងជំងឺកូវីដ១៩នេះទេ រហូតមកដល់ពេលនេះ ពិសេសនោះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពផងដែរ ៕

To Top