ព័ត៌មានជាតិ

នាយករង អង្គការលីកាដូ លោក អំ សំអាត ចេញវីដេអូ ចោទវិទ្យុអាស៊ីសេរីថា កាត់តសំឡេង នាំឲ្យមានការភ័ន្តច្រឡំ ដល់សាធារណជន

ភ្នំពេញ៖ ក្រោយរងការព្រមាន ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នាយករងអង្គការលីកាដូ លោក អំ សំអាត បានចេញវីដេអូឃ្លីបមួយ ចោទវិទ្យុអាស៊ីសេរីថា បានកាត់តសំឡេងរបស់លោក ផ្ទុយពីន័យដើម បង្កឲ្យមានការភ័ន្តច្រឡំ ដល់សាធារណជន។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែត នៅវិមានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលបញ្ចេញមតិគាំទ្រ ចំពោះការផ្សព្វផ្សាយ លក់ផលិតផលឧបករណ៍ ធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើបណ្តាញសង្គម ដោយសម្តេចបានចាត់ទុក ការបញ្ចេញមតិនេះ ជាការគាំទ្រដល់ការផ្សព្វផ្សាយ ផលិតផលក្លែងក្លាយ។

តាមរយៈវីដេអូឃ្លីបមួយ ដែលមានរយៈពេលជិត៣នាទី នាយករងអង្គការលីកាដូ លោក អំ សំអាត បំភ្លឺប្រាប់សាធារណជនថា” ខ្ញុំបានឮវិទ្យុអាស៊ីសេរី ដកស្រង់នូវពាក្យសំដីរបស់ខ្ញុំ ដោយមានការកាត់យ៉ាងខ្លី ដែលអាចធ្វើឲ្យ មានការភ័ន្តច្រឡំខុស ន័យដើម របស់ខ្ញុំបាទ។ ដូច្នេះខ្ញុំបាទក៏ដូចជាអង្គការលីកាដូ សូមជម្រាបជូនថា មិនដែលការពារទៅលើជនណា ដែលប្រព្រឹត្តិខុសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរ ចលាចរនៅក្នុងសង្គមនោះទេ។ គោលបំណង នៃអង្គការលីកាដូ ក៏ដូចជាខ្ញុំបាទ គឺធ្វើយ៉ាងណា ជំរុញឲ្យមានអនុវត្តន៍ច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសយើង រស់នៅក្នុងសុខសន្ដិភាព រស់នៅក្នុងភាពសុខុដម្យរមនា “។

លោកបានបញ្ជាក់បន្ថែមថា”ខ្ញុំបាទ និងអង្គការលីកាដូ គាំទ្រចំពោះវិធានការ នៃការអនុវត្តន៍ច្បាប់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ដែលបានធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ គឺនៅតែមានការគាំទ្រជានិច្ច ហើយយើងខ្ញុំ ក៏ដូចជាអង្គកាលីកាដូ នឹងផ្ដល់កិច្ចសហការ ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានការអនុវត្តន៍ច្បាប់ និងការគោរពសិទ្ធិ ក៏ដូចជាត្រូវចាត់វិធានការ លើជនទាំងឡាយ ណាដែលប្រព្រឹត្តនូវបទល្មើស មានភាពវឹកវរក្នុងសង្គម”៕

To Top