ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ អនុញ្ញាតឲ្យក្រុមហ៊ុន ទូរស័ព្ទចំនួន៥ សាកល្បងប្រព័ន្ធ5G

ភ្នំពេញ ៖ ដើម្បីដោះស្រាយទុកលំបាក របស់ប្រជាពលរដ្ឋជុំវិញបញ្ហាអ៉ីនធឺណេតដើរយឺតនោះ លោក មាស ប៉ូ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា ក្រសួងប្រៃសណីយ៍ចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនទូរសព្ទចំនួន៥ នៅក្នុងប្រទេសកម្ពុជា សាកល្បងប្រព័ន្ធ 5G។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព  និងទិសដៅការងារបន្ដរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្ដី ការគណៈរដ្ឋមន្ដ្រី នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក មាស ប៉ូ បានរំលឹកថា គោលនយោបាយរបស់  រាជរដ្ឋាភិបាល ជំរុញឲ្យការប្រើប្រាស់សេវាទូរស័ព្ទ ឲ្យទៅដល់តំបន់ដាច់ស្រយាល។

លោកមានប្រសាសន៍ថា «រឿង 5G មកដល់ថ្ងៃនេះ យើងបានចេញលិខិតអនុញ្ញាតឲ្យសាកល្បង ចំនួន៥ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Metfone ក្រុមហ៊ុន Smart ក្រុមហ៊ុន Seatel និងក្រុមហ៊ុន Kingtel។ យើងបានអនុញ្ញាតឲ្យ៥ក្រុមហ៊ុនធ្វើការសាកល្បង ហើយការសាកល្បងនេះ ចាប់ផ្ដើមពីឥឡូវនេះទៅ»។

លោកបន្ដថា ចំពោះថ្ងៃកំណត់ពេល ធ្វើអាជីវកម្ម ប្រព័ន្ធ 5G របស់ក្រុមហ៊ុនទាំង៥ មិនទាន់បានកំណត់ថ្ងៃនៅឡើយទេ។

លោកថាត្រូវរង់ចាំការអនុម័តក្នុងការប្រើប្រាស់ ហ្វ្រែកង់ពីសហភាពទូរគមន៍អន្ដរជាតិ ដែលហៅកាត់ថា IPU ៕ដោយ ៖ អេង ប៊ូឆេង

To Top