ព័ត៌មានជាតិ

លោកផៃ ស៊ីផាន ច្រានចោលចំពោះ ការលើកឡើងថាព្រះមហាក្សត្រ យាងទៅពិនិត្យព្រះ រាជសុខភាពនៅចិន ព្រោះមិនចង់ចូលរួមបំផ្លាញជាតិដាក់ ប្រទេសក្នុងគ្រាមានអាសន្ន

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់អ្នកវិភាគបែបលក្ខណៈប្រឆាំងថា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីទៅពិនិត្យព្រះរាជសុខភាពនោះ ព្រះមិនចង់ចូលរួមបំផ្លាញជាតិដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

ការប្រកាសច្រានចោល របស់លោកផៃ ស៊ីផានបែបនេះ បន្ទាប់ពីអ្នកវិភាគសង្គម លើកឡើងថា “ការយាងចេញពីប្រទេសកម្ពុជា របស់ព្រះមហាក្សត្រ ទៅកាន់ប្រទេសចិន ព្រោះទ្រង់មិនចង់ចូល រួមបំផ្លាញជាតិជាមួយរបបក្រុងភ្នំពេញក្នុង ការដាក់ប្រទេសក្នុងភាពអាសន្ន”។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ លោកផៃ ស៊ីផាន បានថ្លែងថា “ច្បាប់ដែលយើងធ្វើនេះ ទៅតាមនីតិវិធី អវត្តមានរបស់ព្រះមហាក្សត្រ គឺយើងមានប្រធានព្រឹទ្ធសភា ដើរតួរនាទីជាប្រមុខរដ្ឋស្ដីទី ដូច្នេះលោកអាចមាន តួនាទីក្នុងការចុះហត្ថលេខា លើរឿងហ្នឹង អាហ្នឹងយើងធ្វើតាមនីតិវិធីទាំងអស់ ហើយមិនមែនខ្ញុំឃើញហើយ ថាជាការគេចវេស របស់ព្រះមហាក្សត្ររបស់យើង គឺ មិនមែនទេអាហ្នឹងកុំបន្ទោសព្រះអង្គ កុំដាក់ទោសដល់ព្រះអង្គ ព្រះអង្គលោក ស្រឡាញ់ជាតិ របស់លោកណាស់ ហើយការវិភាគ នៃការទៅពិនិត្យព្រះរាជសុខភាពហ្នឹង គឺមានតាំងពីមុនពេលយើងរៀបចំធ្វើច្បាប់ទៀត។គឺលោកទៅវិភាគជួបជាមួយហ្នឹងពេទ្យប្រទេសចិនហ្នឹងគឺលោក ធ្វើទៅតាមកាលវិភាគ ដែលគ្រោងទុករួចស្រេច មិនមែនរឿងប៉ពាល់ដល់រឿងការវិធាននៃការរៀបចំច្បាប់នេះទេ សូមគោរពទៅព្រះករុណា នុធិរៈគ្រប់ព្រះអង្គ កុំដាក់ទោសទៅព្រះករុណា ជាអង្គម្ចាស់ តម្កល់ជីវិតលើត្បូង គឺលោកមានកាលវិភាគត្រឹមត្រូវ គម្រោងរបស់លោកត្រឹមត្រូវទើបលោកចេញទៅ”។

លោកសង្កត់ធ្ងន់ថា ការធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺមិនមែនធ្វើតែកម្ពុជាមួយនោះទេ ស្ទើតែគ្រប់ប្រទេសទាំងអស់ដែលបានធ្វើច្បាប់នេះ។
លោកបន្តថា “ ដូចដែលខ្ញុំបានជម្រាបជូនខាងដើម ថាតើកម្ពុជា តែម្នាក់ឯងអត់ទេអី! ដែលធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នដូចខ្ញុំប្រាប់ពិភពលោកស្ទើតែទាំងអស់ហើយប្រទេសដែលនៅជុំវិញខ្លួនយើងមានប្រាំប្រទេសដែលគេកំពុងតែអនុវត្តហើយហើយគេបានអនុវត្តរួចហើយនៃច្បាប់ដាក់ប្រទេសជាតិរបស់គេនៅក្នុងភាពមានអាសន្ននេះ។យើងអត់ទាន់បានប្រកាសទាល់តែសោះ ហេតុម៉េចបានយើង មិនទាន់ប្រកាស ពីព្រោះយើងអត់ទាន់មានច្បាប់ ឥឡូវនេះ ជាតម្រូវការរបស់ផ្លូវច្បាប់ អាហ្នឹងចំណុចទី១ គឺដែលយើងហៅថា នីតិរដ្ឋទាល់ រដ្ឋហ្នឹងមានច្បាប់ក្រប់ សភាពការណ៍ទាំងអស់ ឆ្លើយតបនឹងអ្វីដែលជាវិបត្តិរបស់ប្រជាជាតិ ក្នុងការឆ្លើយតបក្នុងកិច្ចការពារសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជាតិ ហើយផលប្រយោជន៍របស់ជាតិ យើងអាហ្នឹងជាច្បាប់មួយដែលយើងធ្វើ”។

ពាក់ព័ន្ធជាមួយច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះដែរ កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអំពាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិលនានា កុំឲ្យមានការភ័យខ្លាចចមពោះច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ព្រោះច្បាប់នេះ ធ្វើឡើងមិនបានបិទសិទ្ធសេរីភាព របស់ប្រជាពលរដ្ឋណាម្នាក់ឡើយ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងបញ្ជូនទៅសុំការអនុម័តពីរដ្ឋសភាតែម្តង ដោយមិនដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទៀតទេ៕

ដោយ៖ធី លីថូ

To Top