ព័ត៌មានជាតិ

កូវីដ-១៩! រាជរដ្ឋាភិបាល ឧបត្ថម្ភបន្ថែម៤០ដុល្លារ ក្នុង១ខែ ដល់និយោជិត វិស័យទេសចរណ៍ ដែលបាត់បង់ការងារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមចំនួន៤០ដុល្លារ ក្នុង១ខែ រយៈពេល២ ខែ ជូនដល់បណ្តាកម្មករ និយោជិត ដែលបានបាត់បង់ការងារ នៅក្នុងអាជីវកម្ម ដែលបានផ្អាកដំណើរ ការចំនួន៤ប្រភេទ ខណៈអាជីវកម្មនានាទៀត ក្នុងវិស័យទេសចរណ៍ ដែលបានបិទជាស្ថាពរនោះ គឺមិនត្រូវបានផ្តល់ជូន ដោយសារម្ចាស់អាជីវកម្មនោះ បានបើកប្រាក់ខែ និងប្រាក់បំណាច់ ការងារនានា តាមច្បាប់ការងាររួចហើយ ។ នេះបើយោងតាមការចេញផ្សាយ របស់ BTV នៅថ្ងៃទី២៣ មេសា ។

លោក តុប សុភក្តិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទេសចរណ៍ បានថ្លែងថា គ្រប់បុគ្គលិកនិយោជិត ដែលបានបាត់បង់ការងារ នៅក្នុងអាជីវកម្មចំនួន៤ រួមមាន ៖ អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភា្នក់ងារទេសចរណ៍ ដែលមានការចុះបញ្ជីបើកអាជីវកម្ម ត្រឹមត្រូវជាមួយក្រសួងពាណិជ្ជកម្ម មានអាជ្ញាប័ណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ និងបានផ្អាកអាជីវកម្ម ហើយបានទៅព្យួរកិច្ចសន្យា ការងារបុគ្គលិកត្រឹមត្រូវ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺត្រូវបានរាជរដ្ឋាភិបាល ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ចំនួន៤០ដុល្លារអាមេរិច ក្នុងមួយខែៗ រយៈពេល២ខែ បន្ថែមលើគោលការណ៍ ផ្តល់ប្រាក់ឧបត្ថម្ភនានាទៀត របស់ម្ចាស់អាជីវកម្ម ដែលបានផ្អាកដំណើរការនោះ ក្នុងអំឡុងពេលមានផលប៉ះពាល់ ដោយសារបញ្ហាជំងឺរាត ត្បាតសកល កូវីដ-១៩នេះ ។

លោក បានបញ្ជាក់ថា សម្រាប់ប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាលនោះ គឺផ្តល់ជូនតែអាជីវកម្មណា ដែលបានផ្អាក និងព្យួរកិច្ចសន្យាការងារបុគ្គលិក នៅក្នុងខេត្តរាជធានី ចំនួន៥រួមមាន ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កែប កំពត និងខេត្តព្រះសីហនុ ហើយខេត្តផ្សេងៗ ដែលមិនមានការប៉ះពាល់ធ្ងន់ធ្ងរ មិនត្រូវបានផ្តល់ជូនទេ ។

សម្រាប់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ចំនួន៤០ដុល្លារនេះ គឺចាប់អនុវត្តចាប់ពីថ្ងៃ ដែលអាជីវកម្មនោះបានទៅប្រកាសព្យួរ កិច្ចសន្យាការងារបុគ្គលិក ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនៅក្នុងរយៈពេល២ ខែ បន្ទាប់ទៀតនេះ ប្រសិនបើវិបត្តិ COVID-19 នៅតែបន្តអូសបន្លាយ រាជរដ្ឋាភិបាល នឹងប្រកាសផ្តល់ប្រាក់ ឧបត្ថម្ភនៅជុំទី៣ បន្តទៀត ។

បើតាមការបញ្ជាក់ពីលោក សុង តុងហាប់ បានឲ្យដឹងដែរថា ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលនេះ គឺមានអាជីវកម្មដែលបានព្យួរកិច្ចសន្យា ការងារមួយចំនួន បានស្ម័គ្រចិត្តផ្តល់ប្រាក់ ឧបត្ថម្ភជូនបុគ្គលិករបស់ខ្លួន ពី៣០ទៅ៨០ដុល្លារ អាមេរិកក្នុងមួយខែៗ ។

លោកបន្ថែមថា នៅអំឡុងពេលកម្ពុជា ជួបវិបត្តិCOVID-19នេះ គឺមានកម្មករកម្មការនិយោជិត ប្រមាណជាង៤ម៉ឺននាក់ ដែលបំរើការងារ នៅក្នុងអាជីវកម្មស្របច្បាប់ នៃវិស័យទេសចរណ៍ចំនួន៦ទៅ៧ប្រភេទ អាជីវកម្មបានបាត់បង់ ការងារដោយសារអាជីវកម្មខ្លះ បានបិទទាំងស្រុង និងខ្លះទៀតបានផ្អាកអាជីវកម្ម ក្នុងរយៈពេលពី២ខែទៅ៤ខែ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×