ព័ត៌មានជាតិ

បុរសវ័យចំណាស់​២នាក់ បាន​ស្លាប់​ទាំងព្រឹក​ ពេល​ចុះ​ស្តារ​អណ្ដូង​លូ​

សៀមរាប​: បុរសវ័យចំណាស់ ២​នាក់ ​បាន​ស្លាប់​ដោយសារ​គ្មាន​ខ្យល់ (អុកស៊ីហ៊្សែន) ខណៈដែលគាត់​ចុះ​ស្តារអណ្តូង​លូ ​ក្នុង​ជម្រៅ​៦​ម៉ែត្រ ​។ ហេតុការណ៍បានកើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ យឿ​ម​.​រ៉ាត់ អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ម្នាក់ទៀត​ឈ្មោះ សុខ សៀន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​លលៃ​.​ឃុំ​បាគង​.​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា មូលហេតុ​គឺ​ចុះ​ស្តារអណ្តូង​លូ ក្នុង​ជម្រៅ​៦​ម៉ែត្រ ដោយសារ​គ្មាន​អុកស៊ីហ៊្សែន បណ្តាល​ឲ្យ​ស្លាប់​ជា​បន្តបន្ទាប់​គ្នា ​។ សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

កន្លងមកករណីដូចនេះ ធ្លាប់កើតឡើង​ជា​រឿយៗច្រើន​មកហើយ​ ប៉ុន្តែ​ពលរដ្ឋ​ហាក់​នៅតែ​មាន​ការ​ធ្វេសប្រហែស​ សូម​បងប្អូន​ដែល​ប្រើប្រាស់ ​អណ្ដូង​លូ​មេត្តា​ប្រុងប្រយ័ត្ន​ មុន​និង​ចុះ​ត្រូវ​ស្ទាបស្ទង់​ដោយ​ការប្រើ​​វិធី​ពិសោធន៍​ ដាក់​ចង្កៀង​ ឬដាក់​សត្វមាន់​ចុះទៅជាមុន ដើម្បី​មើលពី​ស្ថានភាព​សិន​ ៕

To Top
×