ព័ត៌មានជាតិ

កូវីដ១៩៖ ក្រសួងការងារ ទទួលស្គាល់ថា ឆ្នាំនេះ ការនាំចេញទំនិញរងផលប៉ះពាល់ខ្លាំង (វីដេអូ)

កូវីដ១៩៖ ក្រសួងការងារ ទទួលស្គាល់ថា ឆ្នាំនេះ ការនាំចេញទំនិញរងផលប៉ះពាល់ខ្លាំង

កូវីដ១៩៖ ក្រសួងការងារ ទទួលស្គាល់ថា ឆ្នាំនេះ ការនាំចេញទំនិញរងផលប៉ះពាល់ខ្លាំងhttps://dap-news.com/national/2020/04/27/50863/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ច័ន្ទ 27 មេសា 2020

ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈបានអះអាងថាគិតត្រឹមត្រីមាសទី១ក្នុងឆ្នាំ២០២០ (ខែមករាដល់មីនា) ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្ដាលប្រទេសនានា នៅលើសកលលោក រងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងចួលឆ្នាំ ហើយត្រឡប់ចូលមកបម្រើការងារវិញ”នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកហេង សួរ បានថ្លែងថា រហូតមកដល់ពេលនេះ មានរោងចក្រជាង១៣០បានដាក់ពាក្យព្យួរការងារ ដែលមានកម្មកររោងចក្រជិត១០ម៉ឺននាក់ ទទួលរងផលប៉ះពាល់គ្មានការងារធ្វើ។

លោកបន្ថែមថា តាមស្ថានភាពជាក់ស្ដែង រោងចក្រដែលបានព្យួរនៅពេលនេះ គឺចង់បិទច្រើនជាងព្យួរ។

លោកបន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយដល់កម្មកររោងចក្រ ដោយធ្វើយ៉ាងណារក្សានូវការងារជូនកម្មករនិយោជិត និងរក្សានូវចំណូលខ្លះ សម្រាប់ជូនដល់កម្មករនិយោជិត ដែលត្រូវបានព្យួរការងារទាំងនោះផងដែរ។

លោកថា “ចឹងដល់ខែបី បានមានការបិទ ការនាំចេញ ទោះបីជារោងចក្រមួយចំនួនបានផលិត ផលិតផលរួចហើយក៏ដោយក៏ម្ចាស់ម៉ាកឬក៏អ្នកបញ្ជាទិញទាំងអស់នោះ បានស្នើសុំមករោងចក្រ កុំអាលដឹកផលិតផលទាំងអស់នោះចេញ ដោយសារទោះបីជាដឹកទៅក៏មិនមានអ្នកទិញ។ ចឹងមកដល់ម៉ោងនេះយើងទទួលស្គាល់ថា ការនាំចេញរបស់យើងគឺពិតជាមានផលប៉ះពាល់ ជាពិសេសនៅក្នុងត្រីមាសទី២នេះតែម្ដង អាចគិតថាប្រហែលជា៥០ទៅ៦០ភាគរយនៃតួលេខឆ្នាំទៅតែប៉ុណ្ណោះ”។

ជាមួយគ្នានោះលោកបញ្ជាក់ថា ត្រូវមានវិធានការ ឲ្យបានម៉ឹងម៉ាត់បំផុតចំពោះអ្នកដែលមិនបានគោរពតាមវិធានសុខាភិបាល។

លោកបន្ថែមថា “ដូច្នេះយើងត្រូវមានវិធានការម៉ឹងម៉ាត់មួយ ចំពោះអ្នកដែលមិនគោរពទៅតាមវិធាន សុខាភិបាល នៅក្នុងច្បាប់ការងារក៏មានចែងមួយយ៉ាងច្បាស់ដែលថា ជនទាំងឡាយណាដែលបានធ្វើល្មើស ទៅវិធានសុវត្ថិភាព សុខភាព អាចចាត់ទុកជាកំហុសធ្ងន់ ដែលអាចនាំឲ្យមានការ បញ្ឈប់ពីការងារដោយសារ តែសុវត្ថិភាព សុខភាពវាជារឿងសំខាន់ ចឹងហើយបានក្នុងច្បាប់ បានកំណត់ថាវាជាកំហុសធ្ងន់”។

ក្នុងឱកាសនោះដែរ លោកចាត់ទុក វីរុសកូវីដ១៩ គឺជាឃាតករ និងជាភេរវករ ដែលបានមកឆក់យក នូវចំណូលនិងការងារ របស់ប្រជាពលរដ្ឋផងដែរ។

លោកបន្តថា “ដូចគ្នាដែរ នៅកម្ពុជា យើងចាត់ទុកជំងឺកូវីដ១៩ គឺជាឃាតករ ជាភេរវករ ដែលបានមកឆក់យក នូវចំណូល ឆក់យកនូវគេហៅថាការងារ របស់បងប្អូនយើង អស់ជាច្រើនផងដែរ”៕ដោយ៖ធី លីថូ

To Top
×