ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី បន្តយុទ្ធនាការ អប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក

រតនគិរី ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយ និងនគរបាលចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព ដល់បងប្អូន ប្រជាពលរដ្ឋ ដើម្បីបញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ។ ពិធីនេះធ្វើឡើងនៅចំណុចរង្វង់មូល ខេត្តទីរួមក្រុងបានលុង។

លោកសាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានលើកឡើងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដោយបានចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយ សំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួក សុវត្ថិភាពជារង្វាន់ ។

លោកបន្ដថា យុវជនដែលបានចូលរួមឆ្លើយសំណួរ នៅក្នុងយុទ្ធនាការនេះ បានយល់ដឹងច្បាស់ អំពីចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅ ទូទាំងប្រទេស និងមូលហេតុការស្លាប់អ្នកទាំងនោះផងដែរ ។ ហើយតាមរយៈចំណេះដឹងបន្ថែមពី យុទ្ធនាការនេះដែរ បងប្អូននឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឲ្យបានយល់ដឹងផងដែរ ។

ក្នុងយុទ្ធនាការនេះបានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួន ៖ មួកសុវត្ថិភាព៧៥មួក,សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ១៥០ក្បាល សៀវភៅអ្វីដែល អ្នកបើកបរទោចក្រយានយន្ត គួរយល់ដឹង ១៥០ក្បាល,ខិតបណ្ណជំនួយស្មារតី ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក១៥០សន្លឹក,ស្ទីកឃ័រចំណាំងផ្លាត១៥០សន្លឹក, ស្ទីកឃ័រ ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍១៥០សន្លឹកផងដែរ ៕

To Top
×