ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃថា សមត្ថកិច្ច នឹងមិនឃាត់ដំណើរ ពលរដ្ឋ ដែលគោរពច្បាប់ ដើម្បីសួរនាំ រកឯកសារនោះទេ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា សមត្ថកិច្ច នឹងមិនឃាត់ដំណើរ ប្រជាពលរដ្ឋ ដែលគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ ។

យោងតាមផែនការ ដែលនាយឧត្តមសេនីយ៍ នេត សាវឿន ផ្ញើជូន សម្ដេចក្រ ឡាហោម ស ខេង កាលពីថ្មីៗនេះថា កម្លាំងនគរបាល ត្រៀមអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ថ្ងៃទី១ ឧសភា តទៅ នៅទូទាំងប្រទេស មានចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ ។

ក្នុងកិច្ចប្រជុំឆ្លងសេចក្តីណែនាំ អំពីរបៀបរបបធ្វើការងារ របស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឲ្យមានអ្នកស្លាប់ របួសពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។

សម្ដេចគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះ ហើយបានជាគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹង ការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះ មិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សម្ដេច បន្ដថា កុំមានទស្សនៈមួយចំនួន បានលើក ឡើងថាវិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាលទៅវិញ។
សម្ដេច ពន្យល់ជូន ទៅវិញថា ការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាល ចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បាន ប្រាក់ពីប្រពលរដ្ឋ នោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូន ពលរដ្ឋទៅវិញទេ ។

សម្ដេច មានប្រសាសន៍ថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើ រ ប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវបានដោយ រលូន លើកលែងតែបានធ្វើដំណើរ ដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថា នគរបាលឆ្លៀត យកឱកាសនេះ ធ្វើបាបប្រជាជន នេះគឺជាភារកិច្ច ដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់ អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះ ទើបថាជាវិធានការរដ្ឋបាល» ៕ ដោយ ៖ អេង ប៊ូឆេង

To Top