ព័ត៌មានជាតិ

កូវីដ-១៩ រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងធ្វើដំណើរ ក្នុងទូកតែមួយ រួមសុខ រួមទុក្ខជាមួយគ្នា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្ដលើកកម្ពស់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ។នេះបើតាមសេចក្ដីប្រកាស ព័ត៌មានក្រសួងសេដ្ឋកិច្ច។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ វិស័យឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើ «ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានា» ក្នុង បរិបទដែលជំងឺកូវីដ-១៩ កំពុងបន្តរីករាលដាលក្នុងតំបន់ និងសកល កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា វិស័យឯកជន និង រាជរដ្ឋាភិបាល ត្រូវបន្ដសហការយ៉ាងជិតស្និត ក្នុងការត្រៀមកម្លាំង រួចជាស្រេចក្នុងការ ចាប់យកកាលានុវត្តភាពថ្មីនានា ដែលអាចកើតមានឡើងក្នុងអំឡុងពេល និងក្រោយ វិបត្តិជំងឺកូវីដ-១៩។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសប៍ថា «រដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជន ជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងបរិការណ៍នៃការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបនបន្ដលើក កម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា»។

លោកបន្ថែមថា ក្នុងន័យនេះ ការចូលរួមចំណែក ក្នុងការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ និងក្នុងការជួយស្តារការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងអំឡុងពេលលំបាកនេះគឺជា «កត្តាចាំ បាច់មិនអាចខ្វះ បាន»។

ជាកស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្ដរាគមន៍ចំនួន៣ ដើម្បីគ្រប់គ្រងៀផលប៉ះ ពាល់នៅក្នុងវិស័យសំខាន់ៗ ដោយគិតគូរ លើគ្រប់ទិដ្ឋភាពក្នុងការ ៖

ទី១-ជួយដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ ដើម្បីឲ្យក្រុមហ៊ុន ទាំងនោះ អាចបន្ដអាជីវកម្មបាន។

ទី២-ជួយដល់កម្មករ-និយោជិតដែលបាត់បង ឬត្រូវព្យូរការងារឲ្យមានលំនឹង ជីវភាព។

ទី៣-ទ្រទ្រង់កំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕

ដោយ ៖ អេង ប៊ូឆេង

To Top