ព័ត៌មានជាតិ

ខួបទី១៦ឆ្នាំ ការប្រកាស ដាក់រាជ្យសម្បត្តិគ្រាទី២ នៃព្រះបរមរតនកោដ្ឋ

ភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា សូមថ្វាយមហាព្រះរាជកុសលខួបទី១៦ឆ្នាំ (៧ តុលា ២០០៤ដល់ ៧តុលា ២០២០) នៃការប្រកាសដាក់រាជ្យ សម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ មានមហាព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តមួយ បានកើតឡើង គឺការប្រកាសដាក់រាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ ក្រុង កម្ពុជា ធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងអំឡុងពេលដែលព្រះអង្គ គង់ប្រថាប់ព្យាបាលព្រះរោគ នៅក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

ព្រះអង្គត្រូវបានរដ្ឋសភាជាតិ ថ្វាយព្រះបរមនាមថា «ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ » ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

To Top