ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការ​ ក្រសួងផែនការ៖ សិក្ខាសាលាស្តីពី “ការផ្គត់ផ្គង់ទិន្ន័យ និងការប្រើប្រាស់ CamStat សម្រាប់ការ ចងក្រងសៀវភៅ កម្រងទិន្នន័យ ស្ថិតិកម្ពុជា ប្រចាំឆ្នាំ” បញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហការ​ ពេញលេញ ពីស្ថាប័នពាក់ព័ន្ធ

ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ តំណាងទេសរដ្ឋមន្ត្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល សិក្ខាសាលាស្តីពី “ការផ្គត់ផ្គង់ទិន្ន័យ និងការប្រើប្រាស់ CamStat សម្រាប់ការចងក្រងសៀវភៅ​ កម្រងទិន្នន័យស្ថិតិកម្ពុជា ប្រចាំឆ្នាំ” បានលើកឡើងថា កម្មវិធីនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្រោមការចូលរួម យ៉ាងសកម្ម ពេញលេញ ការលើកជាសំណួរ យោបល់ ការពិភាក្សាគ្នា និងការផ្តល់ នូវអនុសាសន៏ល្អៗ សម្រាប់គិតគូរ​ ពីសកម្មភាពជាគន្លឹះ ដែលត្រូវអនុវត្ត ដើម្បីជាជំនួយ ដល់ការលើកស្ទួយ កែលំអ និងអភិវឌ្ឍការងារ ចងក្រងសៀវភៅ Yearbook ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ ប្រកបដោយគុណភាព មានស្តង់ប្រើប្រាស់ជាសកល និងទាន់ពេលវេលា ។

ជាលទ្ធផល​ កិច្ចសហប្រតិបត្តិការ រវាងនាយកដ្ឋានស្ថិតិសង្គមកិច្ច ក្រុមការងារ CamStat នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងក្រសួង ស្ថាប័ន ដែលពាក់​ បំរើការងារស្ថិតិ ជាពិសេសក្រុមការងារ ចងក្រងសៀវ Yearbook ក្រុមការងារ CamStat ក្រោមកិច្ចដឹកនាំរួម របស់លោកកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងផែនការ និងលោកស្រី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុក អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ដើម្បីរៀបចំ និងអនុវត្ត ប្រកបដោយជោគជ័យ​ នូវសិក្ខាសាលាស្តីពី ការផ្គត់ផ្គង់ទិន្ន័យ និងការប្រើប្រាស់ Camstat សម្រាប់ការចងក្រង សៀវភៅកម្រងទិន្នន័យ ស្ថិតិកម្ពុជាប្រចាំឆ្នាំ” ខណៈដែលក្រុមការងារទាំងពីរនេះ កំពុងនិងធ្វើការ​ ប្រមែប្រមូលទិន្នន័យ ពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូល នៅក្នុងកម្មវិធី Camstat និងចងក្រងសៀវភៅ កម្រងទិន្នន័យស្ថិតិកម្ពុជា ប្រចាំឆ្នាំ។ ទិន្នន័យដែលមាន នៅក្នុង Camstat និងសៀវភៅនេះ គ្របដណ្តប់ច្រើនវិស័យ ទាំងវិស័យសេដ្ឋ | កិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន សម្រាប់បម្រើជូន ដល់អ្នកប្រើប្រាស់ ទិន្នន័យទាំងអស់ ក្នុងគោលដៅ ដើម្បីអភិវឌ្ឍ ប្រទេសកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ លោក កង សូសាទី បានថ្លែងអំណរគុណ ចំពោះគ្រូឧទ្ទេសនាម ដែលបានខិតខំ ចែករម្លែកចំណេះដឹង ដល់ក្រសួង/ស្ថាប័ន ដែលពាក់ព័ន្ធ និងដល់ក្រុមការងារ ចងក្រងសៀវភៅ Yearbook អំពីសារសំខាន់នៃ សៀវភៅ Yearbook និងអំពីសារសំខាន់ នៃការផ្គត់ផ្គង់ទិន្នន័យ ផ្លូវការពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់បញ្ចូល ទៅក្នុងកម្មវិធី CamStat និងការទាញយក ទិន្នន័យពីកម្មវិធី CamStat សម្រាប់បម្រើដល់ គោលបំណងចងក្រង សៀវភៅកម្រងទិន្នន័យ ស្ថិតិកម្ពុជាប្រចាំឆ្នាំ និងគោលដៅ នៃការប្រើប្រាស់ ទិន្នន័យផ្សេងៗ សម្រាប់បម្រើដល់ការការ អភិវឌ្ឍន៍ប្រទេស និងសង្ឃឹមជឿជាក់​ យ៉ាងមុតមាំថា តាមរយៈលទ្ធផល ទទួលបានពីសិក្ខាសាលា ដ៏មានសារ សំខាន់នេះពិតជា បានផ្តល់នូវចំណេះដឹង ជំនាញបន្ថែម មួយកម្រិតទៀត ដល់មន្ត្រី ដែលបានចូលរួម ហើយដែល អាចយកចំណេះដឹង បទពិសោធន៍ទាំងនេះ ទៅអនុវត្តជាក់ស្តែង នៅក្នុងជីវិតការងារប្រចាំថ្ងៃ របស់នាយកដ្ឋានជំនាញរៀងៗខ្លួន ជាពិសេសការងារ ចងក្រងសៀវភៅ Yearbook ។

អនុរដ្ឋលេខាធិការ​ ក្រសួងផែនការ បន្ថែមឲ្យដឹងទៀតថា ដើម្បីឲ្យមានសៀវភៅ ក​ម្រងទិន្នន័យ ស្ថិតិកម្ពុជា ប្រចាំឆ្នាំផ្លូវការ ប្រកបដោយគុណភាព ទាន់ពេលវេលា និងជឿទុកចិត្ត បានសម្រាប់បម្រើឲ្យមន្ត្រីតាក់តែង គោលនយោបាយ និងមន្ត្រីធ្វើសេចក្តីសំរេចចិត្ត ដាក់ចេញនូវផែនការ អភិវឌ្ឍន៏ជាតិនានា ក៏ដូចជាអ្នកប្រើប្រាស់ ទិន្នន័យស្ថិតិដទៃទៀត ចាំបាច់ត្រូវមាន មន្ត្រីស្ថិតិ ដែលមានចំណេះដឹងខ្ពស់ ខាងមុខជំនាញ ស្ថិតិជាមូលដ្ឋាន និង ការផ្គត់ផ្គង់ទិន្នន័យពេញលេញ និងឆាប់រហ័យ ពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ទើបយើងអាចសម្រេចបាន នូវគោល ដៅដ៏លំបាកមួយនេះ។ ដោយផ្អែកលើបទបង្ហាញនានា និងសំណួរចម្លើយកន្លងមក យើងពិនិត្យឃើញថា សិក្ខា សាលានេះ ពិតជាបានចូលរួមចំណែក ដ៏ធំធេង ក្នុងការផ្តល់ប្រភព ទិន្នន័យសម្បូរបែប ច្រើនវិស័យ ទាំងទិន្នន័យរួម និងទិន្នន័យ​ បំបែកទៅតាម អនុវិស័យសម្រាប់យកមក ផលិតសៀវភៅ កម្រងទិន្នន័យ ស្ថិតិកម្ពុជាប្រចាំឆ្នាំ។ ក្រោយពី បានចូលរួមសិក្ខាសាលា ក្នុងរយៈពេល ០៣ថ្ងៃនេះ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា មន្ត្រីទាំងអស់នឹងប្រែក្លាយ ចំណេះដឹងដែលទទួលបាន ឲ្យទៅជាការអនុវត្តជាក់ស្តែង ក្នុងកិច្ចការងារជំនាញ ចងក្រងសៀវភៅ ទៅតាមជំពូកដែល ខ្លួនកំពុងទទួលខុសត្រូវ ។

ក្នុងនោះដែរ ក្រសួងផែនការ តាមរយៈសិក្ខាខាសាលាខាងលើនេះ បានស្នើឲ្យវិទ្យាស្ថានជាតិ សរសេរលិខិតផ្លូវការ ទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើឲ្យចាត់តាំង មន្ត្រីជំនាញតាមស្ថាប័ន ជំនាញនីមួយៗ ឲ្យទទួលបន្ទុក បំពេញទិន្នន័យសម្រាប់ ចងក្រងសៀវភៅ Yearbook និងស្នើដល់ក្រុមការងារ Yearbook និងក្រុមការងារ CamStat ធ្វើកិច្ចសហប្រតិបត្តិការគ្នា ឲ្យបានកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងកិច្ចការស្វែងរកទិន្នន័យ ការចែករម្លែកទិន្នន័យ ការផ្តល់បច្ចេកទេស ទៅតាមចំណេះ ដឹងជំនាញដែលខ្លួនមាន ដោយត្រូវព្យាយាម រក្សាឲ្យមានទំនាក់ទំនងល្អ ជាមួយក្រសួង ស្ថាប័នក្នុងជួររាជរដ្ឋាភិបាល ដែលសុទ្ធសឹងជាស្ថាប័ន ផ្តល់នូវប្រភពទិន្នន័យ មិនចេះរីងស្ងួត ដល់ក្រុមការងារ ក៏ដូចជាដល់ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top