ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះចែកអំណោយ ជូនពលរដ្ឋរងគ្រោះ​ ដោយជំនន់ទឹកភ្លៀង ជាង៣ពាន់គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ឥតឈប់ឈរ  និងបង្កទៅជាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌដង្កោ ជាច្រើនគ្រួសារ រងផលប៉ះពាល់ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីជួយសម្រួល ដល់ជនរងគ្រោះ ក្នុងគ្រាលំបាកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន៣.៣៨៤គ្រួសារ ដែលបានធ្វើឡើង នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន ៤.៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន ៥.៥៨៧គ្រួសារ (ស្មើនឹង២៣.៥២០នាក់) រងគ្រោះ ដោយសារទឹកជំនន់នេះ។ ក្នុងចំណោមពលរដ្ឋ​ រងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ ទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ ចំនួន២,២០៣គ្រួសារ និងនៅសល់ ៣.៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះមក ចែកជូន ដោយផ្ទាល់។

ក្នុង​ឱកាសអញ្ជើញជួប បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់នៅពេលនេះ ក៏ដូចជារួមសុខរួមទុក្ខ ជាមួយបងប្អូន ដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់ រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា ថ្ងៃនេះសម្តេចអញ្ជើញមក ក្នុងនាមតំណាង សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាំនាំនូវអំណោយ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលទទួលបាន ពីសប្បុរសជននានាផង និងមានអំណោយរួមចំណែក របស់កាកបាទក្រហមកម្ពុជា​​ ផងដែរ។ 

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានមានប្រសាស៍ថា “ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែក ជួយគ្នាក្នុងគ្រាមានអាសន្ន ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយគ្រោះទឹកជំនន់នេះ”។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរ ដល់បណ្ដាសប្បុរសជនទាំងឡាយ ដែលបានចូលរួមសប្បុរសធម៌ ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា កន្លងមក ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយគ្រោះទឹកជំនន់ នាពេលនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវ​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តការយកចិត្តទុកដាក់ ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើង មិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងអំឡុងពេលដែលមានទឹកជំនន់នេះ ជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅ មានអនាម័យ ជាពិសេសពេលដែល ទឹកស្រកទៅនោះ។ 

អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ មី១កេស, ត្រីខ១យួ (១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ ចំណែកសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ទទួលបាន ១០០លានរៀលផងដែរ៕

To Top
×