ព័ត៌មានជាតិ

លោក លូ គឹមឈន់ និងលោកអ៊ុន ចាន់ដា ដង្ហែកឋិនទានមកកាន់វត្ត កោះកែវ ស្រុកស្រីសន្ធរ

កំពង់ចាម ៖ លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងប្រធានមន្ទីរជុំវិញខេត្តកំពង់ចាម អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត មានសទ្ធាជ្រះថ្លា បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នារសៀលថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២០ ។

សូមជម្រាបថា នេះគឺជារដូវកាលមួយ ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ ទាំងក្នុង និងក្រៅប្រទេស ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែរួបរួមសាមគ្គីឯកភាពគ្នា នៅក្នុងក្រុមគ្រួសារ និងសហគមន៍ ប្រារព្ធធ្វើបុណ្យអង្គកឋិនទាន ដោយសទ្ធាជ្រះថ្លា ក្នុងរយៈពេលតែ២៩ថ្ងៃ ដោយចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់ថ្ងៃ១៤កើត ខែកក្តិកនៃឆ្នាំនីមួយៗ មិនដែលអាកខានឡើយ។ ដោយហេតុយ៉ាងនេះហើយ បានជាបង្កើតឱ្យមានបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូល គៀងគររកថវិកាជួយទ្រទ្រង់ដល់វិស័យសាសានារបស់ជាតិយើង ជាពិសេស នៅក្នុងវត្តកោះកែវ ក្នុងស្រុកស្រីសន្ធរនេះ។

សូមបញ្ជាក់ថា អង្គកឋិនទានទទួលបានបច្ច័យចំនួន ១៦១លាន និង៤សែនរៀល  សម្រាប់កសាង និងផ្គត់ផ្គង់ក្នុងទីអារាមនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top