ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាណាចក្រកម្ពុជា តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យអាជ្ញាធរ ការពារសេរីភាព នៅកម្ពុជា ប្រកាន់ជំហានប្រកបដោយអត្ថន័យ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ។
ស្ថានទូតបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងធ្វើការតាមដាន ដោយយកចិត្តទុកដាក់ លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រ នៃគណបក្សនយោបាយធំជាងគេមួយ របស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។ សេរីភាព ក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាព ក្នុងការសម្តែងមតិ និងការអត់ឱន ចំពោះមតិប្រឆាំង មានសារសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដមួយ។
ស្ថានទូតបញ្ជាក់ថា «យើងសូមអំពាវនាវ ឲ្យអាជ្ញាធរការពារសេរីភាពទាំងនេះ ដូចដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ហើយប្រកាន់ជំហានប្រកបដោយអត្ថន័យ ក្នុងការបើកឡើងវិញ នូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ នៅក្នុងអំឡុងពេល ឈានទៅរកការបោះឆ្នោត ឃុំសង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ »៕