ព័ត៌មានជាតិ

វៀតណាមយល់ព្រម រុះរើតង់ទាំងអស់ ចេញពីតំបន់ មិនទាន់ឯកភាពគ្នា តាមបន្ទាត់ព្រំដែនខេត្តកណ្ដាល

ភ្នំពេញ៖ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិល នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថាភាគីវៀតណាម បានយល់ព្រមរុះរើតង់ទាំងអស់ ចេញពីតំបន់មិនទាន់ឯកភាព គ្នា តាមបន្ទាត់ព្រំដែនខេត្តកណ្តាល ក្រោយមានជំនួបពិភាក្សាការងារ រវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កាលពីម្សិលមិញ ។

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់ថា «តង់ចំនួន២៦កន្លែង ដែលវៀតណាម បានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល ត្រូវបានទាហានវៀតណាម រុះរើចេញវិញអស់ហើយ គិតត្រឹមរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ»។

ការរុះរើតង់នេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវិដេអូរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ដើម្បីរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមបានបោះតង់យោធាជាច្រើនកន្លែងនៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាលដែលជាតំបន់មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែន៕

To Top