ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស ប្តេជ្ញាលើកស្ទួយ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីប៉ះពាល់ ដោយជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស ប្រចាំកម្ពុជា-ឡាវនិងវៀតណាម បានប្តេជ្ញាចិត្តលើកស្ទួយ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ ដោយការរីករាលដាល នៃជំងឺកូវីដ-១៩។

ក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី Heather Wheeler និងលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ភាគីទាំងពីរ បានប្តេជ្ញាចិត្តថា «នឹងបន្តកិច្ចសហការ យ៉ាង ជិតស្និទ្ធ ក្នុងការលើកស្ទួយ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផល ប៉ះពាល់ដោយការរីករាល ដាលនៃជំងឺកូវីដ-១៩ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាព និងផ្តល់សុខុមាលភាព ជូនប្រជាជន នៃប្រទេសទាំង២»។

លោក ប៉ាន សូរស័ក្តិ បានថ្លែងថា កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស្ថាប័ន និងបទបញ្ញត្តិនានាសម្រាប់ការ ធ្វើសមារណកម្មសេដ្ឋកិច្ច និងបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរ ពាណិជ្ជកម្មតាមរយៈការបង្កើតកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ នៅក្នុងតំបន់។ លោក ក៏បានបង្ហាញអំពីការគាំទ្រ ចំពោះវឌ្ឍន ភាព នៃកិច្ចការដៃគូរសន្ទនា រវាងចក្រភពអង់គ្លេស និងអាស៊ាន ដែលជាតំបន់មានសក្តានុពលខ្លាំង ។

ជាកិច្ចឆ្លើយតប លោកស្រីប្រេសិតពាណិជ្ជកម្មអះអាងថា នឹងខិតខំប្រឹងប្រែងបន្តទាក់ទាញ វិនិយោគិនអង់គ្លេសមកស្វែងយល់បន្ថែម ពីសក្តានុពលដែលកម្ពុជាកំពុង សម្រេចបាននាពេលបច្ចុប្បន្ន ។ លោកស្រី ក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់ ដែលបណ្តាលមកពីការ រីករាលដាលនៃជំងឺកូវីដ-១៩មកលើវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលជាសសរស្តម្ភមួយយ៉ាង សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ ៕

To Top