ព័ត៌មានជាតិ

មីជាតិ ចែកសម្ភារៈ ថែរក្សាអនាម័យ និងស្បៀងអាហារ ជូនអ្នកបើកបរ រ៉ឺម៉កកង់បី នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ដោយមើលឃើញ ពីការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដូចជាដើម្បីចូលរួមជំរុញ ការប្រយុទ្ធប្រឆាំង នឹងជំងឺមួយនេះ ក្រុមហ៊ុនមីជាតិ បានរៀបចំយុទ្ធនាការ ចុះចែកម៉ាស់ អាកុលលាងដៃ និងមីជាតិ ទៅកាន់អ្នកបើករ៉ឺម៉ក់កង់បី នៅទីក្រុងរណប អភិវឌ្ឍបឹងកក់ ក្រោមប្រធានបទ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។

យុទ្ធនាការណ៍នេះ ប្រព្រឹត្តទៅដោយមានការ ចែកជូនជាសម្ភារៈថែរក្សាអនាម័យ និងមីជាតិ ទៅកាន់អ្នកបើករ៉ឺម៉ក់កង់បី ចំនួនប្រមាណ ២៥០នាក់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមសម្រួល ដល់ការលំបាក និងជាចំណែកផ្តល់សុវត្ថិភាព និងសុខុមាលភាព ដល់អ្នកបើកបរត្រីចក្រយានយន្ត ដែលកំពុងតែមានវិបត្តិផ្នែកជីវភាព ក្នុងកំឡុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ ជាពិសេស គឺលើកកម្លាំងចិត្តទៅដល់ពួកគាត់ ក្នុងប្រកប របររកទទួលទាន ដោយសុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ ១៩ ។

លោក ជា ម៉េងគួង តំណាងនាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា “អ្នកបើករ៉ឺមឺកកង់បី គឺជាក្រុមមនុស្សដែលប្រឈម និងហានិភ័យខ្ពស់ ចំពោះសុខភាពដោយផ្ទាល់ និងប្រយោល ព្រមទាំងកំពុងជួបការលំបាកខ្លាំង ដល់ផ្នែកជីវភាព និងសុខមាលភាព របស់ពួកគាត់ និងគ្រួសារទៀតផង ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្តថា “នៅក្នុងកាលៈទេសៈនេះ មានតែខ្លួនយើងទេ ដែលអាចការពារខ្លួនយើងពីស្ថានការណ៍ដ៏លំបាកនេះ ដូចទៅនឹងប្រធានបទនៅថ្ងៃនេះ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” គឺ ដើម្បីសុវត្ថិភាពខ្លួនយើង ដើម្បីក្រុមគ្រួសារ និងសហគមន៍របស់យើង យើងគប្បីប្រកាន់ភ្ជាប់នូវវិធានការ ការពារ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ” ។

“សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” ជាសារដាស់តឿន ដល់ប្រជាជនកម្ពុជា ឲ្យអនុវត្តយ៉ាងចិត្តទុកដាក់ ចំពោះវិធានការ ប្រយុទ្ធប្រឆាំង កូវីដ១៩ ស្របទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ។ ៣ការពារ គឺការពារខ្លួនដោយពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ លាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាត ក្នុងការទំនាក់ទំនង ។ ចំនែក ៣កុំ គឺកុំចូលកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ ឬប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះពាល់គ្នា ចាប់ដៃ កៀកស្មាគ្នា ឬុឱបគ្នាជាដើម ។

ក្រុមហ៊ុនមីជាតិ ជាក្រុមហ៊ុនផលិតមីកញ្ចប់ ក្នុងប្រទេសកម្ពុជា ផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិ និងប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងម៉ាស៊ីន និងបច្ចេកទេសទំនើបចុងក្រោយ របស់ប្រទេសជប៉ុន ។ ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនមីជាតិសូមអំពាវនាវឲ្យប្រជាជនកម្ពុជា យកចិត្តទុកលើសុខភាព និងរក្សាអនាម័យឲ្យបានជាប់ជានិច្ច ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។ មីជាតិ សូមបួងសួងឲ្យកម្ពុជាចៀសផុត ពីស្ថានភាពដ៏លំបាកមួយនេះ ៕

To Top