ព័ត៌មានជាតិ

រដ្ឋាករទឹកប្រកាសជួយបង់ថ្លៃទឹកស្អាត៣ខែ ដល់និស្សិត និង កម្មករ នៅតំបន់ក្រហមនៅភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសម្រួលបន្ទុក បង់ថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចាប់ពីខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួល កម្មករ សិស្ស-និស្សិត ស្ថិតនៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់។

ការជួយសម្រួលនេះ តាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃទឹក ដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុង ស្នាក់នៅក្នុងតំបន់បិទខ្ទប់។

តាមរយ:សេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី៨ ឧសភា បញ្ជាក់ ថា « រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់»៕

To Top